ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ផ្តល់អង្ករ១៤០តោន ដល់រដ្ឋបាលរាជធានី សម្រាប់ចែកជូនពលរដ្ឋជួបការខ្វះខាត

ភ្នំពេញ៖ អំណោយជាអង្ករ ចំនួន១៤០តោន របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីឲ្យចែកបន្តទៅខណ្ឌទាំង ១៤ សម្រាប់ចែកជូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ។

ពិធីប្រគល់ និងទទួលអង្ករខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅកំពង់ផែស្ងួត ទ្រី ភាព ស្ថិតនៅបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអ្នកឧកញ៉ាទ្រី ភាព និងលោកស្រីគៀង ស្រីនាង ។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា អង្ករ ប្រគល់ជូន មករដ្ឋបាល រាជធានីភ្នំពេញ មានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ អ្នកឧកញ៉ាទ្រី ភាព និងលោកស្រីគៀង ស្រីនាង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់ចែងបន្ត។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អង្ករនេះ រដ្ឋបាលរាជធានី ភ្នំពេញ នឹងប្រគល់បន្តទៅឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករ ចំនួន១០តោន ដើម្បីអាជ្ញាធរខណ្ឌ មានលទ្ធភាព បន្តយកទៅចែកប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់អំណោយជាបន្តបន្ទាប់ ជូនទៅប្រជាពលរដ្ឋទីទ័លក្រនៅទូទាំង កម្ពុជា ។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេ បានប្រគល់ជូនអំណោយជាអង្ករ រហូតដល់១៤០តោន ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូន ល់បងប្អូនទាល់ក្រ ក្នុងរាជធានីភ្នំពេញបន្តទៀត ៕

To Top