ព័ត៌មានអន្តរជាតិ

លោក បៃដិន ៖ អាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើរុស្ស៊ី ឈ្លានពានអ៊ុយក្រែន

បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្ត បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើប្រទេស រុស្ស៊ី ឈ្លានពានអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍សេតវិមានបាននិយាយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន បានជំរុញប្រទេសរុស្ស៊ី ឲ្យបន្ធូរបន្ថយភាពតានតឹង ជាមួយប្រទេស អ៊ុយក្រែន ហើយលោកបានធ្វើការបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានារបស់ខ្លួន នឹងធ្វើការ ឆ្លើយតប ដោយឥតរារែក ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថែមទៀត” ។

ចំណែកមន្ត្រីនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា កិច្ចពិភាក្សា ចុងក្រោយបំផុតនេះ គឺត្រូវបានស្នើឡើងដោយលោក ពូទីន ហើយមានគោលដៅ បន្តកិច្ចពិភាក្សាគ្នា ដែលបានចាប់ ផ្តើម នៅក្នុងអំឡុងការនិយាយគ្នាពីមុន និងដើម្បីពិភាក្សាគ្នា ពីកិច្ចចរចា ដែលគ្រោងធ្វើឡើងនៅក្នុង ខែមករាខាងមុខ ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ គឺជាកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាលើកទី២ នៅក្នុងខែនេះ ហើយកិច្ចសន្ទនាគ្នាពីមុន បានធ្វើឡើងតាមវីដេអូខល កាលពីថ្ងៃទី០៧ ខែធ្នូ ដោយមានប្រធានបទនានា រួមទាំងបញ្ហាអ៊ុយក្រែន ចំណងមិត្តភាព ទ្វេភាគី សន្តិសុខអ៊ីនធឺណេត និងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top