ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នៅតែមានជំហរឹងមាំ ក្នុងការការពារ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥

តេអេរ៉ង់៖ ផែនការអ្នកចរចាកំពូល របស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានឲ្យដឹងថា ការចរចាបានធ្វើឱ្យ “មានវឌ្ឍនភាពល្អ” ក្នុងការដកចេញនូវទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានអ៊ីរ៉ង់ មុនការសម្រាកចូលឆ្នាំថ្មីក្នុងការចរចា ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនោះមាន ចិន រុស្ស៊ី អង់គ្លេស បារាំង បូកនឹងប្រទេសអាល្លឺម៉ង់ ឬហៅថា (P4+1) នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់។

លោក Bagheri Kani បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជុំទី៨ នៃកិច្ចចរចាកាលពីថ្ងៃចន្ទ ការផ្តោតសំខាន់នៃការចរចាគឺលើការដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាអំពីបញ្ហាផ្ទៀងផ្ទាត់នៅក្នុងកិច្ចប្រជុំ ដាច់ដោយឡែក ជាមួយលោក Enrique Mora អនុប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប និងតំណាងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។

នៅក្នុងនោះដែរ ប្រធានអ្នកចរចាអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់ នឹងបន្តបញ្ហាbនៃការដកទណ្ឌកម្មដោយភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីសម្រាកឆ្នាំថ្មី។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសហរដ្ឋអាមេរិក) ក្នុងខែកក្កដា ឆ្នាំ២០១៥។ នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះនិងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។

កិច្ចពិភាក្សានេះមានគោលបំណង ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ និងការស្តារ ផែនការសកម្មភាពរួម JCPOA ដែលជិតដួលរលំ បន្ទាប់ពីការចាកចេញឯកតោភាគី របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា

To Top