ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ថា លែងទ្រាំទៀតហើយ រឿងសាកល្បងមីស៊ីល ហើយចោទអាមេរិកថា ធ្វើឱ្យគាំងពេលវេលា ផលប្រយោជន៍ នយោបាយខ្លួន

បរទេស៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថា លោកបានមើលឃើញថា គ្មានហេតុផលអ្វី ដែលត្រូវប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត ក្នុងការផ្អាកការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីល រយៈចម្ងាយឆ្ងាយទៀតនោះទេ ហើយលោកនឹងបង្ហាញនូវ“ អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ និងថែមទាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យជាប់គាំង ពេលវេលា សម្រាប់ផលនយោបាយផ្ទាល់ខ្លួន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ផ្សាយនៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ លោកគីម ជុងអ៊ុន ហាក់ដូចជាបានចាកចេញពីបន្ទប់ចរចា ខណៈដែលលោកបាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ កូរ៉េ ដែលកំពុងកាន់អំណាចថា ការជំរុញដល់ការទប់ស្កាត់ នុយក្លេអ៊ែររបស់ខ្លួន បានក្នុងកម្រិតណា គឺអាស្រ័យលើឥរិយាបថ ពេលអនាគតរបស់សហរដ្ឋអាមេរិក ។

លោកគីម បាននិយាយទៀតថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងការកសាងទំនុកចិត្ត ជាមួយសហរដ្ឋអាមេរិក ហើយថា លោកបានផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបជាមួយ នឹងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង និងការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើក្រុងព្យុងយ៉ាងទៅវិញ។

សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA បានដកស្រង់សម្តីថា « ស្ថិតក្រោមលក្ខខណ្ឌបែបនេះ គ្មានមូលដ្ឋានសម្រាប់យើង ដើម្បីចងជាឯកតោភាគី ចំពោះការប្តេជ្ញាចិត្តតទៅទៀតនោះទេ ការប្តេជ្ញាចិត្តដែលមិនមានភាគីណាមួយប្រឆាំង ហើយនេះជាបំភ័យដល់ការខិតខំប្រឹងប្រែង របស់យើងសម្រាប់ការ រំសាយអាវុធនុយក្លេអ៊ែរ និងមិនរីកសាយអាវុធ នុយក្លេអ៊ែរទូទាំងពិភពលោក” ។

យោងតាម KCNA បានឱ្យដឹងថាលោកគីម បាននិយាយថាកូរ៉េខាងជើងគួរតែ “ជំរុញឱ្យកាន់តែសកម្មថែមទៀត នូវគម្រោងសម្រាប់ការអភិវឌ្ឍអាវុធយុទ្ធសាស្រ្ត” ហើយ “ពិភពលោកនឹងឃើញនូវអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលត្រូវបានកាន់កាប់ដោយកូរ៉េខាងជើង នាពេលអនាគត” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top