ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិ នឹងបើកកិច្ចប្រជុំ នៅថ្ងៃចន្ទស្តីអំពី បញ្ហាបាញ់មីស៊ីល របស់កូរ៉េខាងជើង

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា យោងតាមប្រភពពីការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនឹងជួបប្រជុំគ្នា ដោយបិទទ្វារនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការសាកល្បង នូវអ្វីដែលកូរ៉េខាងជើង បាននិយាយថា ជាគ្រាប់មីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង។

ប្រភពបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះត្រូវបានស្នើសុំ ដោយសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស ដែលជាសមាជិកអចិន្ត្រៃយ៍៣ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ នៅលើក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអៀរឡង់ និងអាល់បានី ផងដែរ ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តជាឯកច្ឆ័ន្ទ នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំនួន៣ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីល ដែលជាការបង្ហាញដ៏កម្រនៃ ការរួមសម្រាប់ស្ថាប័នដែលខ្ទប់ដង្ហើម របស់ប្រទេសនេះជារឿយៗ ។

អ្នកការទូតម្នាក់បានលើកឡើងថា គ្មានសេចក្តីថ្លែងការណ៍រួមណាមួយ ត្រូវបានរំពឹងទុកបន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃចន្ទនោះទេ ទោះបីជាមានការបន្ថែមមួយទៀតថា សេចក្តីថ្លែងការណ៍ ទំនងជាត្រូវបានចេញមុន ឬក្រោយក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ហៅកាត់(KCNA) ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គ្រាប់មីស៊ីលដែលបានបាញ់ កាលពីថ្ងៃពុធបានបំពាក់ “ក្បាលគ្រាប់ដែលមានល្បឿនលឿន” ដែល “បានវាយប្រហារគោលដៅ យ៉ាងជាក់លាក់នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ” ដោយមិនបានកំណត់ អត្តសញ្ញាណអ្នកបាញ់នោះទេ ។

ក្បាលគ្រាប់នេះក៏បាន បង្ហាញពីសមត្ថភាព “ថ្មី” ដោយផ្លាស់ទីបានចម្ងាយ ១២០គីឡូម៉ែត្រ នៅពេលក្រោយ បន្ទាប់ពីវាបានដកខ្លួនចេញពី ឧបករណ៍បាញ់មីស៊ីលដើម្បី វាយប្រហារទៅលើគោលដៅ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top