ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា «តើអាចទេ អាស៊ានដើរមកដល់ ផ្លូវបំបែក?»។
ការលើកឡើងពីសំណាក់ អ្នកការសែតជើងចាស់បែបនេះ បន្ទាប់មានមតិលើកឡើង ផ្ទុយគ្នាជាច្រើន ជុំវិញដំណើរបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ដើម្បីសម្របសម្រួលស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសនេះ ថានឹងមានការបែកបាក់នៅក្នុងសមាគមន៍អាស៊ាន។
នៅលើគេហទំព័រហ្វេសប៊ុក លោកព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ពិតហើយប្រធានអាស៊ានប្តូរវេន សម្តេចតេជោ ហ៊ុន សែន និង ជាមេដឹកនាំកំពូលនៃកម្ពុជា ទើបតែបញ្ចប់ ដំណើរទស្សនៈកិច្ច នៅភូមា ជួបពិភាក្សាជាមួយ មេដឹកនាំយោធា មីង អោងឡាំង ហើយបានលេចចេញ សេចក្តីប្រកាសរួម ស្តីពីបញ្ហាភូមា ដូចជាបទឈប់បាញ់គ្នា បន្ត៥ខែនិងអាចដល់ចុងឆ្នាំ២០២២ និងបញ្ហា ដឹកជញ្ជូនជំនួយមនុស្សធម៌… ប៉ុន្តែ មិនបាន ធ្វើឱ្យស្ងប់ចិត្តក្រុមម្ខាងទៀតបានឡើយ។ ជាពិសេសអ្នកនៅពីខាងក្រោយ ដែលបានដុតភូមា ឱ្យឆេះហើយធ្វើមិនដឹង និង ស្រែក ឱ្យគោរព លិទ្ធិប្រជាធិបតេយ្យ។
លោក សយ សុភាព បន្តថា «ម៉្យាង ភូមិសាស្ត្រនយោបាយ ចិននិងក្រុមភ្នែក៥ មិនចុះសម្រុងគ្នាទេ។ លើសពីនេះទៀត ប្រទេសឥណ្ឌានិងចិន មើលមុខគ្នាមិនដែលចំ ជាពិសេសនោះ សត្រូវប្រវត្តិសាស្ត្រជាមួយថៃ។
លោកបញ្ជាក់ថា «បច្ចុប្បន្នថៃ បានផលប្រយោជន៏ច្រើនណាស់ ពីវិបត្តិនយោបាយភូមា ដូចដែល បានចំណេញពីវិបត្តិសង្រ្គាម ស៊ីវិលនៅកម្ពុជា កន្លងមកដែរ»។
លោកថា ថៃខ្លាចបំផុតនូវការបង្កើត នុយក្លេអែររបស់ភូមា កន្លងមក ដោយ ថៃរួមសហការ ជាមួយ ស៊ី អាយ អេ របស់អាមេរិក តាមកំទេចផែនការ របស់ភូមានេះ។
លោក សយ សុភាព គួសបញ្ចាក់ថា «មកដល់ពេលនេះ យើងបានកត់សំគាល់ ឃើញថាបញ្ហាធំ៣ ដែលប្រទេសជាសមាជិកអាស៊ាន ប្រឈមមុខបែកគ្នា ដោយឥឡូវនេះ ប្រទេសឥណ្ឌូនេស៊ី ចេញមុខខ្លាំងប្រឆាំងចិន លើបញ្ហាសមុទ្រចិនខាងត្បូង។ បន្ទាប់ បញ្ហាទន្លេមេគង្គ និងភូមា ដែលបញ្ហាទាំង៣នេះ មហាអំណាចចិន និងសហរដ្ឋអាមេរិក លូកដៃទាំងអស់ ក្រោមរូបភាព បង្កើតឥណ្ឌូ-ប៉ាស៊ីហ្វិក អូគូស( ទាំងនេះជារបស់ក្រុមភ្នែក៥ និង ប៊ីលឌឺប៊ើក ដែលជាអំណាចស្រមោល របស់ពិភពលោក) យកទៅទប់ទល់ ប្រ៊ី (BRI) របស់ចិន»។
លោកបន្តថា លើសពីនេះទៅទៀត មហាអំណាចទាំង នោះសុទ្ធសឹង តែមានបំណងបំបែកអាស៊ានដូចគ្នា។ ប្រសិនបើដល់ថ្ងៃបែក នោះមែននោះ ខ្មែរ ឡាវ ភូមា នៅខាងចិន ឬរួមដំណើរជាមួយចិន (ភូមិសាស្ត្រនយោបាយ និង ការពារបានអធិបតេយ្យ)។ ដោយឡែក វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទៅម្ខាង ព្រោះហេតុផលសមុទ្រចិនខាងត្បូង រីឯវៀតណាម មានហេតុផលមួយទៀត គឺ បញ្ហាទន្លេមេង្គ ដែលវៀតណាម ជំទាស់ចិនរហូត លើបញ្ហា កសាងទំបន់ វារីអគ្គិសនី…៕