ព័ត៌មានអន្តរជាតិ

ណាតូ ច្រានចោលការទាមទារ របស់រុស្ស៊ី ដែលឲ្យឈប់ពង្រីកវិសាលភាព នាពេលអនាគត

បរទេស៖ អង្គការសម្ពន្ធមិត្តយោធា ណាតូ នាពេលថ្មីៗនេះ បានច្រានចោលការទាមទារ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលឲ្យសម្ពន្ធមិត្តយោធា ផ្អាកឈប់ទទួល សមាជិកថ្មី នៅក្នុងគោលបំណងមួយ ដើម្បីទប់ស្កាត់មិនឲ្យប្រទេសអ៊ុយក្រែន ចូលរួម ជាសមាជិករបស់ណាតូ។

តាមសេចក្តីរាយការណ៍ ដោយមានការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន នោះ ការភ័យខ្លាចថា នឹងមានការឈ្លានពានថ្មីមួយផ្សេងទៀត បានកើនឡើងជាខ្លាំងបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយការថ្លែងកាលពីថ្ងៃសុក្រ គឺជាការឆ្លើយតបមួយ ចំពោះលក្ខខណ្ឌរបស់លោក ពូទីន សម្រាប់ការបន្ថយជម្លោះដែលបង្កវិនាសកម្មដ៏ខ្លាំងក្លា។

ក្រោយកិច្ចប្រជុំ ជាមួយបណ្ដារដ្ឋមន្ត្រីការបរទេស ណាតូ លោក Jens Stoltenberg ជាអគ្គលេខាធិការអង្គការណាតូ បានមានប្រសាសន៍ នៅក្នុងទីក្រុងព្រួចសែលថា “យើងនឹងមិនសម្របសម្រួលទៅតាមគោលការណ៍ស្នូល ដោយរួមទាំងសិទ្ធិសម្រាប់គ្រប់ប្រទេសធ្វើការសម្រេចជ្រើសផ្លូវដើរខ្លួនឯង រាប់បញ្ចូលទាំងការរៀបចំសន្តិសុខប្រភេទណា ដែលខ្លួនចង់ចូលរួមផងដែរ”។

ចំណែក រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយ ប្រាប់ដល់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រសប្ដាហ៍នេះថា “អង្គការណាតូ មិនដែលសន្យា មិនទទួលយកសមាជិកថ្មី គឺវាមិនអាច ហើយនឹងមិនមានផងដែរ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top