ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដាគណនេយ្យ ដែលទើបត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «ឧកញ៉ា» ផងនោះ បានលើកឡើងថា ថ្ងៃអនាគត ប្រហែលជាជ្រើសយកថ្ងៃបុណ្យជាតិ២៩ធ្នូ ឈប់សម្រាក ជំនួសថ្ងៃ៧មករាវិញ ដែលជាថ្ងៃអរគុណសន្តិភាព។
ការលើកឡើងរបស់ លោកបណ្ឌិត ហេង វ៉ាន់ដា បន្ទាប់ពីរយៈ២ឆ្នាំនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ខនខានមិនបានប្រារព្ធខួបជ័យជំនះ ៧មករា ហើយបានបន្ថែមថ្ងៃ ២៩ធ្នូ ទៅក្នុងប្រតិទិនជាតិ។
តាមរយៈផេកហ្វេសប៊ុក របស់លោក សយ សុភាព លោកបណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងយ៉ាងដូច្នេះថា «ខានធ្វើបុណ្យ៧មករា ២ឆ្នាំហើយ តែ២៩ធ្នូបានធ្វើពិធី និងបានបញ្ចូលក្នុងប្រតិទិនជាតិ តែមិនឈប់សម្រាក ។ ថ្ងៃអនាគត ប្រហែលជាជ្រើសយកថ្ងៃបុណ្យជាតិ២៩ធ្នូ ឈប់សម្រាក ជំនួសថ្ងៃ៧មករាវិញ ដែលជាថ្ងៃអរគុណសន្តិភាព»។
លោក ហេង វ៉ាន់ដា បន្តថា «សយ សុភាព ជាមនុស្សតែមួយគត់ អាចស្នើប្តូរថ្ងៃបុណ្យជាតិបាន។ សយ សុភាព តែងតែលើកឡើងថា ថ្ងៃ៧មករា ១៩៧៩ លាយឡំជាមួយកងទ័ពវៀតណាម វាយចូលភ្នំពេញ ម្លោះហើយ ពួកប្រឆាំងចេះលើកឡើង ផ្ទុយពីថ្ងៃជ័យជំនះ តែថ្ងៃ២៩ធ្នូ ជាសមិទ្ធិផលផ្តាច់មុខ នៃនយោបាយឈ្នះៗ របស់គណបក្សស៊ីភីភី ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន»។
លោកបន្ថែមថា «នយោបាយឌីហ្វីត របស់សម្តេចតេជោ បានរំលាយចោលរអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងនៅថ្ងៃ២៩ធ្នូ១៩៩៨ ក្រោយពេលដែល នួន ជា និង ខៀវសំផន ចុះចូលជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យសន្តិភាពផ្ទុះឡើងគ្របដណ្តប់ពាសពេញផ្ទៃប្រទេស»។
លោកបណ្ឌិត ហេង វ៉ាន់ដា បញ្ជាក់ថា «សន្តិភាព ស្ថាបនាដោយមនុស្សម្នាក់គត់ ដែលយកជីវិតធ្វើជាដើមទុនទៅប្តូរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហេតុនេះ, សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៅកម្ពុជា។ ជ័យោថ្ងៃ២៩ធ្នូ! ជ័យោសន្តិភាព! អរគុណសន្តិភាព! »។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអគ្គនាយកដ្ឋាន គយនិងរដ្ឋាករថ្មី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសមិនរៀបចំ ទិវាជ័យជំនះ៧ មករា នោះទេ សម្រាប់ឆ្នាំ២០២២ ខណៈ ថ្ងៃទី៧និងទី៨ មករា សម្ដេចតេជោ អញ្ជើញទៅកាន់ប្រទេសភូមា។
បន្ថែមពីលើនេះ ក្នុងពីធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាស ពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំនៅតែមិនទាន់ដាច់ចិត្តធ្វើកម្មពីធី ៧មករា ព្រោះធ្វើតូចពេកវាមិនសាកសម តែបើធ្វើធំពេកក្រែងវាមានបញ្ហា ចឹងទេបាន ថ្ងៃ៧មករា ខ្ញុំឆ្លៀតទៅ មីយ៉ាន់ម៉ា»។
ដោយឡែក ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យដាក់បញ្ជូល ទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។