បរទេស៖ មន្ត្រីផែនការរដ្ឋរបស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានជំរុញអាជ្ញាធរក្នុងតំបន់ឲ្យកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ពីការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំខាងមុខនេះ ដើម្បីជួយបង្កើនសន្ទុះនៃការប្រើប្រាស់ ស្របពេលដែលករណីកើនឡើងនៃជម្ងឺកូវីដ១៩បម្លែងថ្មី អូមីក្រុង គម្រាមកំហែងដល់កំណើនសេដ្ឋកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលក្នុងតំបន់ គួរតែជៀសវាងវិធីការគ្រប់គ្រងការរាតត្បាតជម្ងឺកូវីដ១៩ក្នុងទំហំងាយស្រួលនិងសមស្របមួយ ក្នុងអំឡុងថ្ងៃបុណ្យ និងកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ដលការរស់នៅរបស់ប្រជាជន”។
តាមសេចក្តីរាយការណ៍ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិដដែលនេះ បាននិយាយថា ទីកន្លែងមានហានិភ័យទាបក្នុងប្រទេសចិន គួរតែបំពេញទៅតាមតម្រូវការដែលសមហេតុផល សម្រាប់ការធ្វើដំណើរជិតៗពីទីក្រុង ទៅកាន់លំនៅស្ថានជនបទ និងបង្កើនការផ្គត់ផ្គង់នូវផលិតផលប្រចាំថ្ងៃ នៅក្នុងអំឡុងពេលថ្ងៃបុណ្យ។
គួរបញ្ជាក់ថា ប្រទេសចិន នាពេលថ្មីៗនេះ បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩បម្លែងថ្មី អូមីក្រុង យ៉ាងហោចណាស់ក្នុងខេត្តនិងក្រុងចំនួន៥ រួមបញ្ចូលទាំងករណីឆ្លងអូមីក្រុងដំបូងមួយ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គឺមានរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ នៅមុនការប្រកួតកីឡាអូឡាំពិកក្នុងខែកុម្ភៈប៉ុណ្ណោះ៕
ប្រែសម្រួល៖ប៉ាង កុង