កំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា រំពឹងទុកថា មណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគីរី និងខិតខំប្រឹងប្រែងជួយអភិវឌ្ឍវិស័យឯកជន ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។
លោក ម៉ៅ ថូរ៉ា បានលើកឡើងដូច្នេះ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។
ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី លោកឧកញ៉ា ហួត ឈឿន បានអោយដឹងថា សភាពាណិជ្ជកម្មខេត្តកំពង់ចាម បានធ្វើជាមណ្ឌលសភាពាណិជ្ជកម្ម ដោយមានបញ្ជូលខេត្តមណ្ឌលគីរី តាមអនុក្រឹត្យលេខ១២៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ស្ដីពីការបញ្ជូលមណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី ជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ ដោយមានការសហការណ៍គ្នារវាងថ្នាក់ដឹកនាំ អនុប្រធាន សមាជិក សមាជិកា ទាំងអស់ បានធ្វើការគៀងគរ ម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុនធំៗ សហគ្រាសផ្សេងៗ ចូលរួមជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្កំពង់ចាម-មណ្ឌលគីរី ជាសមាជិកទីប្រឹក្សា រហូតមកដល់ពេលនេះ មានសមាជិកទីប្រឹក្សារបស់សភាពាណិជ្ជកម្មខេត្ត មានចំនួន៧រូបបន្ថែម លើសមាជិកជ្រើសតាំងទាំង១៥រូប ដោយសមាសភាពទាំងអស់ បានអនុវត្ដ និងធ្វើការតាមវិស័យដែលមានចែងក្នុងសភាពាណិជ្ជកម្មខេត្ត ដើម្បីធ្វើយ៉ាងណាចូលរួម និងដោះស្រាយរួមគ្នា លើវិស័យឯកជន។
លោក បានបន្តថា ក្រោមការជ្រោមជ្រែង និងគំនិតផ្ដួចផ្ដើមរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់់ចាម ដោយពិនិត្យឃើញសក្ដានុពលខេត្ត ជាពិសេសវិស័យឯកជន មានការរីកចម្រើនខ្លាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានធ្វើការស្នើសុំដី ក្នុងបរិវេណសាលាខេត្តកំពង់ចាម ដើម្បីធ្វើការសាងសង់អគារលេខាធិការដ្ឋាន ក្នុងគោលបំណងបំពេញកិច្ចការងារធ្វើអោយមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន ដល់ដៃគូអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនកាន់តែរីកចម្រើន។ ក្រោយទទួលបានអនុញ្ញាតរបស់ លោកអភិបាលខេត្ដ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ដែលមានប្រធាន អនុប្រធាន សមាជិក សមាជិកា សមាជិកទីប្រឹក្សា បានធ្វើការសហកាណ៍ និងឯកភាពគ្នា ចូលរួមឧបត្ថម្ភអគារលេខាធិការដ្ឋាននេះឡើង ដោយបានចាប់ផ្ដើមសាងសង់នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ហើយសម្រេចជាស្ថាពរចុងឆ្នាំ២០២១ ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដែរថា សភាពាណិជ្ជកម្មគួរមានការយល់ដឹងអំពីនយោបាយ អភិវឌ្ឍន៍ខេត្តរបស់ខ្លួន និងនយោបាយអភិវឌ្ឍជារួមរបស់រដ្ឋាភិបាល ដើម្បីដឹងថាតើខ្លួនអាចធ្វើអ្វីបាន ទើបយកគំនិតទាំងនោះមករួមគ្នាជាមួយអាជ្ញាធរខេត្ត ដើម្បីជួយអភិវឌ្ឍវិស័យឯកជនរបស់យើង ។
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ អភិបាលខេត្តកំពង់ចាម ដែលបានផ្ដួចផ្ដើម ផ្តល់នូវបរិវេណសាលាខេត្តកំពង់ចាម ដើម្បីធ្វើការសាងសង់អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរីដើម្បីសម្រួលដល់ ការងាររបស់ខ្លួន នេះ ផងដែរ៕