ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុង នូវការចុះផ្សាយបំផ្លើស តាមរយៈការសរសេរនៅលើ Facebook ឈ្មោះ Sorn Sovannthet Page អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ដោយអះអាងថា «មានបង្គោលព្រំដែនថ្មី លេខ២៦៩ ទើបតែបោះចូលក្នុងទឹកដីខ្មែរ ជាង២គីឡូម៉ែត្រ ដោយគ្មានការចូលរួមពីភាគីកម្ពុជា នៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។
តាមរយៈសេចក្ដីថ្លែងការណ៍ របស់ខ្លួនគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាពួកប្រឆាំង និងគូកន បានបង្ហោះផ្សព្វផ្សាយ នូវព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែនរបស់ រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដី ទៅប្រទេសជិតខាង ខណៈដែលកាលពីពេលថ្មីៗនេះ ពួកក្រុមប្រឆាំងទាំងនោះ ក៏បានធ្វើការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីបង្គោលព្រំដែនលេខ៧៨ ថាបានបោះចូលក្នុងទឹកដីខ្មែរ ប្រមាណជា៥ គីឡូម៉ែត្រពីខ្សែព្រំដែនផ្លូវការផងដែរ ។
គណៈកម្មាធិការនេះបានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖
-បង្គោលព្រំដែនលេខ២៦៩/៣ នៅក្នុងរូបថតដែលបានបង្ហោះដោយទំព័រ Facebook ឈ្មោះ Sorn Sovannthet Page គឺមិនមែនជាបង្គោលព្រំដែនលេខ ២៦៩ ទេ គឺជាបង្គោលព្រំដែនបំពេញបន្ថែមទោល ដែលបានកំណត់តម្រុយ កាលពីឆ្នាំ២០១៧ ក្រោយពីមានការឯកភាពគ្នា រវាងប្រទេសទាំងពីរ និងបានសាងសង់រួចរាល់ជាផ្លូវការ តាំងពីឆ្នាំ២០១៨ មកម្លេះនៅលើខ្សែព្រំដែន តាមផែនទីផ្លូវការ Bonne ខ្នាត ១/១០០.០០០ បោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន នៅចន្លោះឆ្នាំ១៩៥០-១៩៦៤ ដោយមិនមានការបោះជាថ្មីចូលក្នុងទឹកដីខ្មែរជាង ២គីឡូម៉ែត្រ ដូចការចោទប្រកាន់នោះទេ។ បង្គោលព្រំដែនផ្លូវការលេខ២៦៩/៣ នេះ មានទីតាំងលើខ្សែព្រំដែន ស្ថិតនៅក្នុងឃុំជ័យជោគស្រុកបុរីជលសារ ខេត្តតាកែវ ប្រទេសកម្ពុជា និងឃុំវិញក្រុងចូវដុក ខេត្តអានយ៉ាងប្រទេសវៀតណាម ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមមេត្តាកុំជឿ និងកុំចែកចាយរាល់ការបង្ហោះ បោកប្រាស់ របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែន របស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់។
ម្យ៉ាងវិញទៀត គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាចូលរួមស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងនាំឱ្យមានការភ័ន្តច្រលំ ដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន បានបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ៕