ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី-ចិន “មិនសំដៅប្រឆាំងនឹង នរណាម្នាក់ឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយ រដ្ឋមន្ត្រីការបរទេសក្រូអាតលោក Gordan Grlic Radman នៅទីក្រុងមូស្គូថា “សម្រាប់ទំនាក់ទំនងរបស់យើង ជាមួយប្រទេសចិន មិនពឹងផ្អែកលើការទាក់ទងគ្នានោះទេ ហើយកំពុងអភិវឌ្ឍដោយមិនគិត ពីអ្វីដែលសហសេវិកលោកខាងលិច របស់យើងគិតអំពីរឿងនេះឡើយ” ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ លោក Lavrov បានសរសើរ “ស្ថាបត្យកម្មតែមួយគត់នៃ ទំនាក់ទំនងរុស្ស៊ី-ចិន” ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃប្រទេសទាំងពីរក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងដោះស្រាយបញ្ហាអន្តរជាតិ។
លោកបានបន្ថែមថា គ្រប់ទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សាក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន នៅខែក្រោយ ៕
ដោយ ឈូក បូរ៉ា