ព័ត៌មានជាតិ

កម្ពុជា នៅតែមានសុទិដ្ឋិនិយម ចំពោះសំណើរ បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា អាស៊ាន (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសអាស៊ានឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ បានលើកឡើងថា កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើររបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន។

ការលើកឡើង របស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក អេខេ អាប់ឌុលម៉ូមិន រដ្ឋមន្ត្រីការបរទេស បង់ក្លាដេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ប្រាក់ សុខុន បានឲ្យដឹងថា រូបលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក អេខេ អាប់ឌុលម៉ូមិន រដ្ឋមន្ត្រីការបរទេស បង់ក្លាដេស អំពីបញ្ហាប្រឈមមួយចំនួន ក្នុងតំបន់សព្វថ្ងៃ។ ក្នុងជំនួបនោះលោក ប្រាក់ សុខុន បានសម្ដែងការព្រួយបារម្ភពីភាពងាយរងគ្រោះ របស់ជនភៀសខ្លួននៅខក់បាសាដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់ នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។

លោក ប្រាក់ សុខុន បន្ថែមថា “កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើររបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន។ ប្រទេសយើងទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក តាមមធ្យោបាយផ្សេងៗ ក្នុងស្មារតី ពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើង” ៕

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏សង្ឃឹមថា បញ្ហានៅមីយ៉ាន់ម៉ា នឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួម របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់ទាំងមូល៕

To Top