ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកការប៉ះទង្គិចគ្នា ជាថ្មីនៅមីយាម៉ា ធ្វើឱ្យប៉ះពាល់ដល់ វឌ្ឍនភាពដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចសម្ដេចតេជោ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) ដោយក្នុងនោះ កម្ពុជា បានចាត់ទុក ការបន្តប៉ះទង្គិចគ្នានេះធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេច បានក្នុងដំណើរទស្សនកិច្ចការងារ នាពេលថ្មីៗនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចប្រដាប់អាវុធ យ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាង យោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។

តាមរយៈសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ ដល់វឌ្ឍនភាពដែលសម្រេច បានក្នុងដំណើរទស្សនកិច្ច ការងារនាពេលថ្មីៗនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ បានចែករំលែកអំពីភាព ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទ ពិសោធន៍ និងមេរៀននានាដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាព ពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងស្មារតីនេះ អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នៅរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុង ប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន៕

To Top