ព័ត៌មានអន្តរជាតិ

លោក បៃដិន ថ្លែងថា អាចនឹងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់លើរូបលោក ពូទីន ប្រសិនបើរុស្ស៊ី ពិតជាឈ្លានពានទឹកដីអ៊ុយក្រែន មែននោះ 

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក ប្លាឌីមៀ ពូទីន ប្រសិនបើរុស្ស៊ី ឈ្លានពានអ៊ុយក្រែន មែននោះ ។

លោក បៃដិន បានថ្លែងថា វានឹងមាន “ផលវិបាកដ៏ធំសម្បើម” សម្រាប់ពិភពលោក ប្រសិនបើ រុស្ស៊ី ធ្វើការផ្លាស់ប្តូរប្រទេសដែលស្ថិតនៅតាមព្រំដែនភាគនិរតីរបស់ខ្លួន។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងនៅគ្រាដែលមេដឹកនាំលោកខាងលិចផ្សេងទៀតបានព្រមានម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ី នឹងចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ប្រើសម្រាប់ធ្វើការឈ្លានពាន ។
រុស្ស៊ី បានចោទសហរដ្ឋអាមេរិក និងអ្នកដទៃទៀតពីការបង្កើនភាពតានតឹងជុំវិញបញ្ហានេះ ហើយបដិសេធគម្រោងការចូលលុកលុយក្នុងទឹកដី អ៊ុយក្រែន ។

ទោះជាយ៉ាងណាក្តី ក្រុងម៉ូស្គូ បានដាក់ពង្រាយយោធាប្រមាណ១០ម៉ឺននាក់នៅជិតព្រំដែន ។

វិមានក្រឹមឡាំងបានថ្លែងថា ខ្លួនមើលឃើញសម្ព័ន្ធមិត្តយោធាលោកខាងលិច NATO ជាការគំរាមកំហែងផ្នែកសន្តិសុខ ហើយកំពុងទាមទារការធានាផ្នែកច្បាប់ថា ខ្លួននឹងមិនបន្ថែមសមាជិកថ្មីបន្ថែមទៀតនៅភាគខាងកើត រួមទាំងប្រទេសជិតខាងអ៊ុយក្រែនផងដែរ ។ ប៉ុន្តែ សហរដ្ឋអាមេរិកបានលើកឡើងថា បញ្ហាដែលជាប់ពាក់ព័ន្ធគឺការឈ្លានពានរបស់រុស្ស៊ី មិនមែនការពង្រីកអង្គការ NATO នោះទេ ។

ការព្រួយបារម្ភចំពោះការឈ្លានពានបានជំរុញឱ្យស្ថានទូតលោកខាងលិចនៅទីក្រុង Kyiv ត្រូវដកបុគ្គលិកមួយចំនួនចេញផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top