ភ្នំពេញ៖ លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ១ខ្នង រួមនឹងតូបលក់ដូរចំនួន១៦តូប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។
ករណីនេះបានកើតមានឡើង កាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លើង បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុង អស់រយ:ពេលជាច្រើនម៉ោង ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ឡានទឹកអស់ចំនួន ៧គ្រឿង និងទឹកអស់ចំនួន ១៦រថយន្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះ បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ ដែលមានដូចជាផ្ទះ១ខ្នង ទំហំ៧ម៉ត្រ×១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម។ តូបចំនួន១៦តូប (ទំហំ៤មx៦ម) តូបសង់ពីដែក ជញ្ជាំងដែក ថ្មក្រោម ប្រក់ដែក។
ចំពោះមូលហេតុសមត្ថកិច្ចបានដាក់ការសង្ស័យថា មកពីឆ្លងចរន្តអគ្គិសនី ។ ទោះជាយ៉ាងណា ករណីនេះមិនបណ្ដាលឲ្យ រងរបួសដល់មនុស្សឡើយ៕