ព័ត៌មានអន្តរជាតិ

ចិនប្រតិកម្មតប ចំពោះកិច្ចព្រមព្រៀង សព្វាវុធក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងអាមេរិក និងកោះតៃវ៉ាន់

បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងគោលបំណងកែលម្អ និងទ្រទ្រង់ប្រព័ន្ធមីស៊ីលរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែលុបចោលជាបន្ទាន់នូវផែនការ របស់ខ្លួនក្នុងការលក់ឧបករណ៍ និងសេវាកម្មយោធាទៅឱ្យកោះតៃវ៉ាន់។

លោកបានជំរុញឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គោរពគោលការណ៍ “ចិនតែមួយ” ហើយបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសព្វាវុធរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់អធិបតេយ្យភាព និងផលប្រយោជន៍ សន្តិសុខរបស់ប្រទេសចិន ក៏ដូចជាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ផងដែរ។

លោក Zhao Lijian ថ្លែងថា «ប្រទេសចិននឹងចាត់វិធានការសមស្រប និងដោយបង្ខំ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។ បន្ថែមលើសពីនេះ ខណៈពេលដែលត្រូវបានសួរអំពីវិធានការ ជាក់ស្តែងដែលចិនអាចអនុវត្តបាន គាត់បានប្រាប់អ្នកសារព័ត៌មានឱ្យ “រង់ចាំមើល” សិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top