បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាជាមួយសមភាគីបារាំង លោក Emmanuel Macron ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសបេឡារុស្ស នៅចុងបញ្ចប់នៃសមយុទ្ធរួម ដែលនឹងត្រូវបញ្ចប់នៅចុងខែនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយដកស្រង់សម្តីមន្ត្រីដែល មិនបញ្ចេញឈ្មោះនៅក្នុងប្រទេសបារាំង កាសែតអង់គ្លេសបានប្រកាសថា ក្នុងអំឡុងពេលនៃ កិច្ចប្រជុំរយៈពេល ៥ម៉ោង របស់មេដឹកនាំទាំងពីរ នៅវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ លោកពូទីនបានប្រាប់លោក Macron ថា ទាហានរុស្ស៊ីបច្ចុប្បន្ន នៅក្នុងប្រទេសបេឡារុស្ស ដែលជាផ្នែកមួយនៃសមយុទ្ធ ‘Union Resolve 2022’ នឹងមិននៅជាប់រហូតឡើយ បន្ទាប់ពីការអនុវត្តបានបញ្ចប់។
សមយុទ្ធរួមដែលគ្រោង នឹងអូសបន្លាយដល់ថ្ងៃទី២០ កុម្ភៈ ក៏ស្របពេលដែលមានការរាយការណ៍ ពីការដំឡើងទាហានរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនផងដែរ។ រដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានចោទប្រកាន់ ពីបទដាក់ទាហានជាង 100 000 នាក់នៅព្រំដែន ដោយអ្នកខ្លះជឿថា នេះគឺជាសញ្ញានៃ ការលុកលុយផ្នែកយោធាដែលជិតមកដល់។ ការអះអាងនេះត្រូវបានបដិសេធ ម្តងហើយម្តងទៀតដោយវិមានក្រឹមឡាំង ហើយវាក៏ត្រូវបានបន្ធូរបន្ថយ ដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរ។ ព្រំដែនបេឡារុស្ស មានចម្ងាយតិចជាង ២០០ គីឡូម៉ែត្រខាងជើងទីក្រុងគៀវ៕
ប្រែសម្រួលៈ ណៃ តុលា