ព័ត៌មានជាតិ

ខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្រ្តី បដិសេធការចោទប្រកាន់ថា មិនទទួលយកលិខិត របស់លោករ៉ុង ឈុន

ភ្នំពេញ ៖ លោក ហូ សុទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានបដិសេធ ចំពោះការចោទប្រកាន់ថា ខុទ្ទកាល័យ មិនទទួលយកលិខិត ដែលជាស្នាមមេដៃរបស់កម្មករ ឲ្យជួយទប់ស្កាត់ករណីប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) របស់លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា ។

ករណីនេះដែរ លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងយ៉ាងងប់ងល់ ក៏បានបើកការវាយប្រហារ យ៉ាងចាស់ដៃផងដែរ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ សហភាពសហជីពកម្ពុជា ដឹកនាំដោយលោករ៉ុង ឈុន បានយកលិខិតអំពាវនាវ និងស្នាមមេដៃរបស់កម្មករ កម្មការិនី ចំនួន១៣៧៩នាក់ ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីដើម្បីស្នើឲ្យសម្តេចតេជោ ជួយធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ ។ ប៉ុន្តែកាលពីថ្ងៃ៤ មករា សហភាពសហជីពកម្ពុជាបានចេញលិខិតជាផ្លូវការបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជាដែលបានបដិសេធមិនទទួលយកនូវសេចក្តីអំពាវនាវរបស់កម្មករ។

ក្រោយឃើញការចោទប្រកាន់បែបនេះ លោក ហូ សុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃ៦ មករា ថា គ្មានព័ត៌មានដូចការចោទ ប្រកាន់បែបនេះទេ គឺខុទ្ទកាល័យទទួលយកលិខិតទាំងអស់ ឲ្យតែបានដាក់មកដោយមិនប្រកាន់និន្នការអ្វីឡើយ។

លោកថា តែចំពោះលិខិតរបស់ក្រុមលោក រ៉ុង ឈុន នោះមិនបានឃើញដាក់ មកខុទ្ទកាល័យទេ។

លោកបញ្ជាក់ថា “ខ្ញុំបដិសេធ ចំពោះការលើកឡើង របស់បុគ្គលឈ្មោះឆាំ ឆានី ដេលបានរិះគន់មកខុទ្ទកាល័យ ។ ជាគោលការណ៍ខុទ្ទកាល័យទទួលយកលិខិតទាំងអស់ ដើម្បីបញ្ជូនទៅតាមស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ។ អីចឹងការលើកឡើងបែបមួលបង្កាច់នេះ មិនអាចទទួលយកបានទេ ហើយសូមទាត់ចោលទាំងស្រុង” ៕

To Top