ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ឆ្នាំ២០២១ នៅកម្ពុជា ក្រុមឧទ្ទាមក្រៅច្បាប់ បន្ដប្រើឧបាយកល និងយុទ្ធសាស្ដ្រថ្មីៗ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កាលពីឆ្នាំ២០២១ ផ្ទៃក្នុងរបស់កម្ពុជា ក្រុមឧទ្ទាមក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស បន្ដខិតខំប្រឹងប្រែងអនុវត្តនូវឧបាយកល សកម្មភាពនានា និងរៀបចំយុទ្ធសាស្ដ្រថ្មីៗ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងដណ្ដើមអំណាច។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ សភាពការណ៍សកលលោក និងក្នុងតំបន់បានបន្តវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ប្រកបដោយគ្រោះថ្នាក់ និងពិបាកប៉ាន់ស្មាន ខណៈបញ្ហាប្រឈមនៅសេសសល់មួយចំនួន ពុំទាន់មានវិធីដោះស្រាយនៅឡើយ ។ បន្ថែមពីលើនេះ ការឆ្លងរាតត្បាតជាសកលនជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីជាបន្តបន្ទាប់ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម នៃបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។

សម្ដេចបន្ដថា ទន្ទឹមនោះ ការប្រកួតប្រជែងកាន់តែស្រួចស្រាល់រវាងមហាអំណាច កំពុងលេចចេញជារូបរាងកាន់តែច្បាស់តាមរូបភាពនៃសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា និងអវកាស ការវាតទីខាងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាព នៅតាមភូមិសាស្ត្រសំខាន់ៗ។

សម្ដេចថា ដើម្បីបម្រើឲ្យសកម្មភាពប្រកួតប្រជែងដណ្តើមភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចខាងលើ មហាអំណាចមួយចំនួនបានបន្តបង្កើនសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋតូចៗទាំងឡាយ ដើម្បីចាប់បង្ខំឲ្យរដ្ឋតូចៗបម្រើផលប្រយោជន៍របស់ខ្លួន។

សម្ដេចបញ្ជាក់ថា «ស្របពេលដែលទទួលរងសម្ពាធពីសភាពការណ៍សកលទាំងនេះ នៅក្នុងផ្ទៃក្នុងកម្ពុជា ក្រុមឧទ្ទាមក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវឧបាយកល សកម្មភាពនានា និងរៀបចំយុទ្ធសាស្ត្រថ្មីៗ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ក្នុងគោលបំណងដណ្ដើមអំណាចដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។

សម្ដេច ស ខេង ឲ្យដឹងទៀតថា ទោះបីសភាពការណ៍សកលលោក និងតំបន់ មានការវិវត្តប្រែប្រួល ស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងដោយមានការគាំទ្រ ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស។

សម្ដេចបន្ថែមថា ក្នុងនោះ ក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ ដោយបញ្ចៀសបានអំពើភេរវកម្ម ព្រមទាំងបង្ការ ទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងធានារក្សាបាននូវសន្តិសុខផ្ទៃក្នុង ប្រទេសយ៉ាងល្អប្រសើរជាទូទៅ ៕

To Top