វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃពុធបានរាយការណ៍ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រេងឆៅចំនួន ៥,៩៨៣ លានបារ៉ែលនៅក្នុងស្តុក របស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។
អ្នកវិភាគបានរំពឹងថា នឹងមានការកើនឡើងប្រហែល ០,៧៦៧លានបារ៉ែល សម្រាប់សប្តាហ៍នេះ។ API បានរាយការណ៍ពីការធ្លាក់ចុះចំនួន ១,០៧៦ លានបារ៉ែលក្នុងសប្តាហ៍មុន។
តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃពុធ ដោយសារភាពមិន ច្បាស់លាស់នៅតែមាន ចំពោះវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
West Texas Intermediate សម្រាប់ការចែកចាយខែមេសាបានបន្ថែម ១៩ សេនដើម្បីទូទាត់នៅត្រឹមតម្លៃ ៩២,១០ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែមេសា បានបិទនៅតម្លៃ ៩៦,៨៤ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃអង្គារ ខណៈភាពតានតឹង ភូមិសាស្ត្រនយោបាយលើ អ៊ុយក្រែន បានកើនឡើង។
លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងថា “ការភ័យស្លន់ស្លោភាគច្រើនអំពី ការកើនឡើងបន្ថែមទៀតនៃ ជម្លោះរុស្ស៊ី-អ៊ុយក្រែន ហាក់ដូចជាបានកន្លងផុត ទៅសម្រាប់ពេលនេះ” ៕
ដោយ ឈូក បូរ៉ា