យូអិន៖ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths បានអំពាវនាវឱ្យមានការការពារ បុគ្គលិកមនុស្សធម៌នៅអ៊ុយក្រែន និងសម្រាប់ធនធានបន្ថែមទៀត។
លោកបានប្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែនថា “ឥឡូវនេះ យើងត្រូវការជាបន្ទាន់ នូវវឌ្ឍនភាពលើមុខពីរ ប្រសិនបើយើងចង់ទៅដល់មនុស្ស កាន់តែច្រើនជាមួយនឹងជំនួយ ដែលពួកគេត្រូវការ ដែលពួកគេសមនឹងទទួលបាន” ។
លោកបានលើកឡើងថា “ជាដំបូង យើងត្រូវការការធានាពីភាគីជម្លោះថា បុគ្គលិកមនុស្សធម៌ និងចលនានឹងត្រូវបានការពារ សូម្បីតែក្នុងអំឡុងពេលថ្ងៃ ដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះ ហើយមិនរង់ចាំឱ្យជម្លោះនេះ ស្ងប់ទៅវិញនោះទេ សូម្បីតែពេលនេះ សូម្បីតែថ្ងៃនេះ យើងត្រូវផ្តល់ការការពារ ដល់បុគ្គលិកទាំងនោះ ដើម្បីធ្វើការងារដែលពួកគេចង់ធ្វើ”។
លោកបានបន្ដថា នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ភាគីទាំងអស់ត្រូវតែអនុញ្ញាត និងសម្របសម្រួលការ អនុម័តយ៉ាងឆាប់រហ័ស និងគ្មានការរារាំងនៃការផ្តល់ ជំនួយមនុស្សធម៌ដោយមិនលំអៀង សម្រាប់ជនស៊ីវិល ដែលត្រូវការជំនួយ ហើយត្រូវតែធានានូវសេរីភាព នៃចលនាមនុស្សធម៌។
លោក Griffiths បានបន្ថែមថា “ហើយទីពីរ ពិតណាស់ យើងត្រូវការធនធានបន្ថែមទៀត” ។ លោកថា នៅថ្ងៃអង្គារនេះ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres នឹងចាប់ផ្តើមការអំពាវនាវ មនុស្សធម៌សម្រាប់ស្ថានភាពអ៊ុយក្រែន ជាមួយនឹងសមាសភាគពីរ៖ ការអំពាវនាវរយៈពេល ៣ខែសម្រាប់ស្ថានភាពនៅក្នុងប្រទេស និងផែនការឆ្លើយតបជនភៀសខ្លួន ក្នុងតំបន់សម្រាប់ស្ថានភាពនៅខាងក្រៅ ៕
ប្រែសម្រួល ឈូក បូរ៉ា