ព័ត៌មានជាតិ

Update: ចិនទាត់ចោលការផ្សាយរបស់ New York Times ដែលថា ខ្លួនសុំឱ្យរុស្ស៊ី ពន្យារពេលវាយប្រហារអ៊ុយក្រែន រហូតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាបញ្ចប់

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការលើកឡើង “ក្លែងក្លាយ” និង “គួរឱ្យស្អប់ខ្ពើម” ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរុស្ស៊ីពន្យារពេលការលុកលុយទៅលើអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 បានបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ លោក Wang បានប្រាប់អ្នកយកព័ត៌មានថា ការចោទប្រកាន់នៅក្នុងកាសែត New York Times “គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ហើយអាកប្បកិរិយានៃការបង្វែរការយកចិត្តទុកដាក់ និងការផ្លាស់ប្តូរការស្តីបន្ទោស គឺគួរឱ្យស្អប់ខ្ពើមណាស់” ។ លោកបានបញ្ជាក់ជាថ្មីពីការអះអាងរបស់ប្រទេសចិនដែលថា អាមេរិកបានបង្ករឿងជាមួយរុស្ស៊ី ដោយមិនឱ្យបដិសេធសមាជិកភាពណាតូសម្រាប់អ៊ុយក្រែន។

សូមជម្រាបថា របាយការណ៍នៅក្នុងកាសែត New York Times បានដកស្រង់របាយការណ៍ចារកម្មលោកខាងលិចដែលនិយាយថា មន្ត្រីជាន់ខ្ពស់ចិនបានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ីកុំឱ្យឈ្លានពានអ៊ុយក្រែនរហូតដល់ព្រឹត្តិការណ៍កីឡាអន្តរជាតិនៅទីក្រុងប៉េកាំងបានបញ្ចប់។

អត្ថបទនេះបានអះអាងថា “របាយការណ៍បង្ហាញថាមន្ត្រីជាន់ខ្ពស់ចិន បានដឹងដោយផ្ទាល់អំពីផែនការ ឬចេតនារបស់រុស្ស៊ី មុនពេលការឈ្លានពានបានចាប់ផ្តើម” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top