ព័ត៌មានជាតិ

Update: អាមេរិកថា ការផ្គត់ផ្គង់សព្វាវុធទៅឱ្យអ៊ុយក្រែន នឹងកាន់តែលំបាក

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបង្ហើបថា វាអាចនឹងកាន់តែពិបាកក្នុងប៉ុន្មានថ្ងៃខាងមុខ ក្នុងការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់ជំនួយក្នុងជម្លោះរបស់ប្រទេសនេះជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញកាលពីថ្ងៃចន្ទ លោកស្រី Sherman បានសរសើរ “សហគមន៍អន្តរជាតិ” សម្រាប់ “ការឆ្លើយតបយ៉ាងខ្លាំង” និងមានធនធានក្នុងការស្វែងរកមធ្យោបាយដើម្បីផ្តល់អាវុធ គ្រាប់រំសេវ និងហិរញ្ញវត្ថុដល់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញបែបនេះ “អាចកាន់តែពិបាកនៅថ្ងៃខាងមុខ ហើយយើងនឹងត្រូវស្វែងរកវិធីផ្សេងទៀតដើម្បីគ្រប់គ្រងរឿងនេះ” ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានពន្យល់ថា “វាសំខាន់ណាស់ដែលអ្វីដែលយើងបញ្ជូន គឺជាអ្វីដែល ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ស្នើសុំ ពីព្រោះគាត់ដឹងពីអ្វីដែលយោធារបស់គាត់ត្រូវការបំផុត” ។

លោកស្រី Sherman បានបដិសេធមិនរៀបរាប់លម្អិតអំពីបញ្ហាអ្វីដែលអាចគំរាមកំហែងដល់ភាពងាយស្រួលនៃការដឹកជញ្ជូនបន្តឡើយ ក្នុងពេលដែលរដ្ឋបាលលោក Biden បច្ចុប្បន្នកំពុងគិតពីរបៀបដើម្បីសម្រួលដល់ការទាមទាររបស់លោក Zelensky សម្រាប់យន្តហោះចម្បាំងដែលយោធារបស់គាត់អាចហោះហើរបាន ដោយសារតែអាកាសយានិកអ៊ុយក្រែន អាចបើកយន្តហោះប៉ូឡូញដែលសល់ពីសម័យសូវៀតប៉ុណ្ណោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top