ព័ត៌មានជាតិ

គ.ជ.ប លើកទឹកចិត្តពលរដ្ឋខ្មែរ ធ្វើការក្រៅប្រទេស មកបោះបោះឆ្នោត នៅកម្ពុជា

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ធ្វើការនៅក្រៅប្រទេស អញ្ជើញមកបោះឆ្នោត ក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ គ.ជ.ប។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី១០ មីនា តាមប្រព័ន្ធវិដេអូ លោក វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ បានស្នើសុំការបកស្រាយ ពីភាគី គ.ជ.ប ទៅលើបញ្ហាមួយ ចំនួន ដូចជា ៖ ការបង្កើតការិយាល័យបោះឆ្នោត នៅក្រៅប្រទេស ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋ ខ្មែរកំពុងរស់នៅ និងធ្វើការនៅទីនោះ បានបោះឆ្នោត។

ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ស្ថាប័ន គ.ជ.ប ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។

លោក បានបន្ថែមថា ច្បាប់តម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យបោះឆ្នោត នៅតាម ឃុំ-សង្កាត់ ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតក្នុង ឃុំ-សង្កាត់ ណា ត្រូវអញ្ជើញទៅបោះឆ្នោតនៅការិយាល័យ បោះឆ្នោតក្នុង ឃុំ-សង្កាត់ នោះ។

លោក ប្រធាន គ.ជ.ប បានបញ្ជាក់បន្ថែមថា «គ.ជ.ប បានលើកទឹកចិត្ត ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឲ្យអញ្ជើញមកបោះឆ្នោត នៅក្នុងប្រទេស ដោយធ្វើការផ្សព្វផ្សាយ តាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា»៕

To Top