ភ្នំពេញ៖ ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់ជាច្រើន ថ្ងៃនេះកំណែប្រែជំនាន់ថ្មីពីកម្មវិធី Telegram Version 8.6 បានបន្ថែមនូវមុខងារពិសេសមួយ សម្រាប់អ្នកប្រើប្រាស់គឺមុខងារផ្សាយផ្ទាល់ (Live Stream with other Apps) ក្នុងក្រុម (Group) និង Channel។ ការបន្ថែមមុខងារដ៏ពិសេសនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់លោកអ្នកដែលមានអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger Or Journalists ) ដែលអាចពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់កាន់តែទូលំទូលាយដល់សមាជិកក្នុង គ្រុប ឬ Channel។នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
ស្របពេលជាមួយគ្នានេះដែរ កំណែប្រែកម្មវិធីជំនាន់ថ្មីនេះក៏បានបន្ថែមនូវមុខងារសំខាន់ៗ មួយចំនួនទៀតផងដែររួមមាន៖ មុខងារ Download Manager, មុខងារ New Attachment Menu, មុខងារ Phone Number Links ជាដើម។
ដើម្បីទទួលបាន នូវមុខងារបន្ថែមទាំងនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី Telegram របស់លោកអ្នកទៅកាន់ជំនាន់ Version 8.6 ដែលទើបបានដាក់ឲ្យ Download នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ។
សូមអាននូវមុខងារសំខាន់ថ្មីៗ ទាំងនោះដូចខាងក្រោម៖
១. មុខងារ Live Streaming With Other Apps ៖ សម្រាប់លោកអ្នកអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger Or Journalists ) ដែលអាចពង្រីកវិសាលភាព នៃការផ្សាយផ្ទាល់កាន់តែទូលំទូលាយដល់សមាជិកលោកអ្នកក្នុងគ្រុប ឬ Channel ( Group/Channel ) ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺលោកអ្នកអាចផ្សាយផ្ទាល់ ដោយភ្ជាប់នឹងកម្មវិធី Live Stream មានដូចជា OBS Studio និង Xsplit Broadcaster ជាដើម ។
ដើម្បីប្រើប្រាស់មុខងារនេះបាន លោកអ្នកអាចចុចនៅលើប៊ូតុង Video Chat នៅក្នុងគ្រុប ឬ ប៊ូតុង Live Stream នៅក្នុង Channel របស់លោកអ្នក រួចជ្រើសរើសប៊ូតុង “ Start With” រួចបញ្ចូលតំណភ្ជាប់នោះទៅក្នុងកម្មវិធី Live Streaming របស់លោកអ្នក ( Server URL & Stream Key ) ។
២. មុខងារ Download Manager ៖ ខណៈពេលដែលលោកអ្នកកំពុងទាញយកឯកសារ (Downloading) ជាច្រើនក្នុងពេលតែមួយ លោកអ្នកអាចពិនិត្យមើល ប្រតិបត្តិការ នៃការទាញយកឯកសារទាំងនោះ (downloading List) ដោយចុចត្រង់របារស្វែងរក ( Search Bar ) ។ លោកអ្នកអាចគ្រប់គ្រងការ ទាញយកឯកសារទាំងនោះ បានដូចជា ផ្អាកដំណើរការទាញយក( Pause Downloading ), បន្តការទាញយក ( Resume Downloading ) ឬដាក់អាទិភាពទាញយកឯកសារមួយណាមុន (increase its priority) ។
៣. មុខងារ New Attachment Menu ៖ មុខងារនេះ មុនពេលលោកអ្នកផ្ញើរូបថត ឬវីដេអូច្រើន សូមចុចលើរបារ “ Selected ” នៅផ្នែកខាងលើ ដើម្បីរៀបចំទម្រង់រូបភាព ឬវីដេអូមុនលោកអ្នកបញ្ជូនទៅ ឬលោកអ្នកអាចលុបរូប ឬវីដេអូដែលជ្រើសរើសច្រឡំ ( Rearrange or Remove Selected Media ) ។
ជាមួយគ្នានេះដែរ មុខាងនេះនៅលើប្រព័ន្ធប្រតិបត្តិការ iOS បានរចនាឡើងវិញ យ៉ាងពេញលេញ នៅរបាររុករកថ្មី ( Navigation Bar ) ដែលផ្តល់នូវការប្រើប្រាស់រហ័ស ដែលរួមមាន ផ្ញើរូបថត ឯកសារ ការចែករំលែកទីតាំង និងផ្សេងៗទៀត ( Gallary , File , Share Location , Contact ) ។
៤. មុខងារ Phone Number Links ៖ ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺអនុញ្ញាតឱ្យលោកអ្នកចែករំលែក តំណភ្ជាប់ ( t.me ) ផ្ទាល់ទៅលេខទូរស័ព្ទ របស់លោកអ្នក ឧទាហរណ៍ t.me/+855123456 ជំនួសដោយ t.me/username) ។
យ៉ាងណាមិញមុខងារទី៤នេះ, តំណភ្ជាប់លេខទូរស័ព្ទអាចនេះដំណើរការបានលុះត្រា ការកំណត់ឯកជនភាពលោកអ្នក បានអនុញ្ញាតឱ្យអ្នកដទៃ ស្វែងរកតាមលេខទូរស័ព្ទ របស់លោកអ្នក ។
៥. ក្រៅពីមុខងារខាងលើ ដែលក្រុមការងារបច្ចេកទេស បង្ហាញជូនលោកអ្នក ក៏នៅមានមុខងារមួយចំនួនទៀត ដែលលោកអ្នកអាចស្វែងយល់បន្ថែម តាមតំណភ្ជាប់នេះ https://telegram.org/blog/downloads-attachments-streaming ៕