នយោបាយ

សម្តេចតេជោ ៖ អ្នកនិយាយប្រធានអាស៊ាន មិនចង់ចូលរួមប្រជុំ អាស៊ាន-អាមេរិក ជាអ្នកមិនយល់ និងមិនចេះកិច្ចការអាស៊ាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការស្រាយ ទៅអ្នកវិភាគមួយចំនួន ដែលនិយាយថា ប្រធានអាស៊ាន មិនចង់ចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក គឺជាអ្នកមិនយល់ ឬចេះមិនដល់ ចំពោះកិច្ចការនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៧ មីនា សម្តេចតេជោមានប្រសាសន៍ថា “សូមបញ្ជាក់បន្តិច ឬការមិនយល់ ឬរឿងខ្លះចេះមិនដល់ដែលបង្កើតឲ្យបញ្ហា ។ ខ្ញុំធ្លាប់បាននិយាយថា ឆ្នាំនេះ ខ្ញុំរវល់ទោះបីចោលកិច្ចការមួយចំនួននៅក្រៅប្រទេសក្តី ប៉ុន្តែកន្លងទៅ មានការបកស្រាយដោយបំភ្លៃការពិតចំពោះការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ និង ២៩ខែមីនា ។ ចំណុចនេះត្រូវបានបកស្រាយ ដោយចំនួនមនុស្ស ចំនួនថា ប្រធានអាស៊ាន មិនយល់ស្របក្នុងការ ប្រជុំរវាងអាស៊ាន និងអាមេរិកនោះទេ ។ តែខ្ញុំគួរប្រដៅ និងផ្តល់ព័ត៌មានជាក់លាក់ សម្រាប់ការយល់ដឹង របស់ប្រជាជនកម្ពុជា ជំនួសឲ្យការខ្វះការ ចេះដឹងដែលអ្នកខ្លះ ជាបណ្ឌិត និងខ្លះសាស្ត្រាចារ្យ” ។

សម្តេចបន្តថា របៀបធ្វើការរបស់អាស៊ាន ក្នុងនាមជាប្រធាន អាស៊ាន គឺច្បាស់ហើយ ប៉ុន្តែក្នុងអាស៊ាន បានបែងចែកឲ្យប្រទេសនីមួយៗ ទទួលខុសត្រូវ ក្នុងការសម្របសម្រួល រវាងអាស៊ាន ជាមួយប្រទេសណាមួយ ។ សម្តេចថា បច្ចុប្បន្នប្រទេសធ្វើការ សម្របសម្រួលជាមួយអាមេរិក គឺឥណ្ឌូនេស៊ី ដូច្នេះតួនាទីសម្របសម្រួល ជាមួយអាមេរិក រឿងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក គឺឥណ្ឌូនេស៊ី មិនមែនជាកម្ពុជាទេ។

សម្តេចលើកឡើងថា នៅពេលឥណ្ឌូនេស៊ី ធ្វើការសម្របសម្រូល ជាមួយប្រទេសអាស៊ាននោះ មានប្រទេស៤ មិនអាចចូលរួមប្រជុំនៅថ្ងៃទី២៨-២៩មីនាបាន ប៉ុន្តែក៏មានប្រទេសខ្លះអាចទៅចូលរួម តែគេស្នើសុំប្រជុំនៅថ្ងៃ២៦-២៧មីនាវិញ តែភាគីអាមេរិកថា មិនអាចប្រជុំបានទេ អីចឹងជម្រើសរើសល្អ ភាគីទាំងពីរលៃលក រកពេលវេលាសិន ដើម្បីធ្វើការសម្របសម្រួលតាមក្រោយ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានប៉ាន់ស្មានថា ប្រធានាធិបតីអាមេរិក នឹងទៅអឺរ៉ុប ដែលតាមព័ត៌មាន ទទួលបានគឺគាត់ចូលរួមកិច្ចប្រជុំ ស្ថិតក្នុងក្របខណ្ឌសន្និសីទ សញ្ញាអត្លង់ទិចខាងជើង ឬអង្គការណាតូ ឬអូតង់ ។

សម្តេចបញ្ជាក់ថា «អីចឹងខ្ញុំសូមពន្យល់ ដល់ប្រជាពលរដ្ឋយើង សូមឲ្យយល់អំពីថា កម្ពុជាជាសមាជិកអាស៊ាន ហើយជាប្រធានអាស៊ាន ដែលប្រធាន អាស៊ាននេះគ្មានសិទ្ធិ ក្នុងការកំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកទេ ។ ប្រធានអាស៊ាន មានសិទ្ធិ តែបញ្ចេញ យោបល់ក្នុងការសម្រប សម្រួល អំពីពេលវេលា ដើម្បីមានកុងសង់ស៊ី ក្នុងចំណោមសមាជិក អាស៊ានទាំង១០។អ្នកដែលសម្រួលក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក គឺប្រទេសឥណ្ឌូនេស៊ី ។ដូច្នេះសូមកុំមានការភ័ន្តច្រឡំហើយអ្នកដែលមិនយល់សូមឲ្យទៅរៀនពីការងារអាស៊ានឡើងវិញ។ ខ្ញុំសង្ឃឹមថា អស់លោកបណ្ឌិត ឬអស់លោកសាស្ត្រាចារ្យកិច្ចការអន្តរជាតិជាដើម រៀនសូត្រឲ្យចេះដឹងច្រើនជាងនេះ កុំឲ្យគេហៅអាល្ងង់ទូ ពីព្រោះថា ប្រទេសយើងមានសេតវិទូ ទស្សនៈវិទូ ប៉ុន្តែក៏មានអាល្ងង់ទូដែរ”

សម្តេចតេជាលើកឡើងទៀតថា ការដែលមិនមានការចេះដឹង គ្រប់គ្រាន់ពាក់ព័ន្ធកិច្ចការអាស៊ាន នឹងធ្វើឲ្យចេញទៅជាមនុស្ស បែបបោកប្រាស់ ។ ឧទាហរណ៍ ទំលាក់កំហុសឲ្យប្រធានអាស៊ានថា អត់ចង់ប្រជុំ រវាងអាស៊ាន និងអាមេរិក” ៕

To Top