ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នៅល្ងាចថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណទៅដល់ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio ) នាយករដ្ឋមន្រ្តីជប៉ុន ដែលបានជ្រើសរើសកម្ពុជា ជាគោលដៅទស្សនកិច្ចដំបូងមួយ របស់លោកនាយករដ្ឋមន្ត្រី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន នៅពេលនេះ ស្របពេលនឹងខួប លើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពាររបស់ជប៉ុន ចេញក្រៅប្រទេស លើកដំបូងមកកាន់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ” ។
គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០-២១ មីនា ហើយនេះជាដំណើរទស្សនកិច្ចលេីកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤៕