ព័ត៌មានជាតិ

ចិន ប្រកាសផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ដល់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ មកកម្ពុជាបន្ថែម ចំនួន២០លានដូសទៀត។

ក្នុងពិធីសម្ពោសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា កាលពីថ្ងៃទី១៨មីនា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធីបតីចិន លោក ស៊ី ជីនពីង ។ ដោយក្នុងជំនួបមានការលើកឡើង ពីកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា ជាមួយចិនផងដែរ។

សម្តេចបញ្ជាក់ថា «មិត្តចិនបានសន្យាផ្តល់វ៉ាក់សាំង បង្ការជំងឺកូវី១៩ រហូតដល់២០លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា ចំនួន៥លានដូស នៅចុងខែមីនានេះ។ អីចឹងទេ ចំណុចនេះបង្ហាញថា កម្ពុជាមានជំនឿទុកចិត្ត ក្នុងការការពារប្រជាជន ដោយទប់ទល់ជាមួយជំងឺកាវសាហាវនេះ»។

សម្តេចតេជោបន្តថា កម្ពុជា បច្ចុប្បបានកំពុងដើរលឿន ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

សម្តេចបញ្ជាក់ថា «ពិតមែនហើយយើង​​ មិនទាន់អស់កូវីដ យើងមិនទាន់ប្រកាសជ័យជំម្នះថា យើងឈ្នះទេ យើងគ្រាន់តែឈ្នះ សមរភូមិតូចៗតែប៉ុណ្ណោះ តែយើងមិនទាន់ឈ្នះសង្គ្រាម ជាមួយកូវីដទេ»។

សម្តេចលើកឡើងទៀតថា ពេលនេះកម្ពុជា កំពុងតែប្រយុទ្ធជាមួយជំងឺកូវីដ ដែលមានឈ្មោះថា «អូមីក្រុង» ដែលជាជំងឺទាន់សម័យ។ ជាមួយគ្នានោះដែរ សម្តេចថា វ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំង ជាង៦លានដូស ហើយគ្រោងនឹងដឹកមក បន្ថែមពីចិន អ៊ីតាលី ស្ត្រាលី ប៉ូឡូញ ៕

To Top