ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីក្នុងមូលដ្ឋានថា ត្រូវទុកប្រជាពលរដ្ឋគ្រប់រូប ជាចៅហ្វាយនាយ ហើយកុំតាំងខ្លួនឯងជាអ្នកធំ ព្រោះទទួលប្រាក់ខែពីរដ្ឋ។
ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំមន្ដ្រីគ្រប់ជាន់ថ្នាក់ថា ត្រូវផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវដឹងសុខទុក្ខពលរដ្ឋជាប់ជាប្រចាំ ជាពិសេស ដោះស្រាយរាល់ការលំបាករបស់ពលរដ្ឋ ។
សម្ដេចបញ្ជាក់ថា «យើងទទួលបា្រក់ខែពីរដ្ឋ ដូច្នេះត្រូវបំរើប្រជាពលរដ្ឋឲ្យអស់ថ្លៃ ព្រោះប្រជាពលរដ្ឋបានបង់ឲ្យ យើងតាមរយៈការបង់ពន្ធដោយផ្ទាល់ និងតាមរយៈពន្ធទៅលើថ្លៃទំនិញនានា ដែលបានចំណូលចូលដល់រដ្ឋ។ ហេតុដូច្នេះហើយទើបមន្ត្រីក្នុងមូលដ្ឋាន ទាំងអស់ត្រូវតែគិតថា ប្រជាជនជាចៅហ្វាយនាយរបស់យើង»។
លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំមន្ត្រីគ្រប់រូប ត្រូវរត់រកការងារធ្វើ មិនមែនឲ្យការងាររត់មករកខ្លួនឡើយ ត្រូវមានគំនិតផ្ដួតផ្តើមធ្វើឡើង សម្រាប់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដូចជា ករណីជីកប្រឡាយ និងផ្លូវជាដើម៕