គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ការសម្របសម្រួល របស់ក្រុងកៀវ ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នឹងត្រូវបានដាក់ឱ្យធ្វើប្រជាមតិ ទូទាំងប្រទេស ក្នុងប្រទេសអ៊ុយក្រែន ។
លោក Zelensky ត្រូវបានដកស្រង់សម្តី ដោយបានលើកឡើងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍សាធារណៈ អ៊ុយក្រែន Suspilne “ខ្ញុំបានពន្យល់ ដល់ក្រុមចរចា ទាំងអស់៖ នៅពេលអ្នកនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះ ហើយពួកគេ អាចជាប្រវត្តិសាស្ត្រ វាគ្មានកន្លែង ដែលត្រូវទៅនោះទេ យើងនឹងធ្វើប្រជាមតិមួយ” ។
លោក Zelensky បានសង្កត់ធ្ងន់ថា លោកត្រៀមខ្លួន សម្រាប់ការសម្របសម្រួលណាមួយ ប្រសិនបើត្រូវបានគាំទ្រ ដោយប្រជាជនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃទី១៨ ខែមីនា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា បទឈប់បាញ់ ការ ដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់ គឺជាការទាមទារដ៏សំខាន់ របស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា តាមរយៈតំណភ្ជាប់វីដេអូ ប៉ុន្ដែគេសង្កេតឃើញថា មិនមានវឌ្ឍនភាពណាមួយគួរឲ្យកត់សម្គាល់នោះទេ ៕ប្រែសម្រួល ឈូក បូរ៉ា