ព័ត៌មានអន្តរជាតិ

G7 គ្រោងបើកកិច្ចប្រជុំ ដើម្បីបន្ថែមសម្ពាធលើរុស្ស៊ី ខណៈសង្គ្រាមនៅអ៊ុយក្រែន ឈានចូលដល់ សប្ដាហ៍ទី៤

ព្រុចសែល ៖ មេដឹកនាំ នៃក្រុមប្រទេស ឧស្សាហកម្មទាំងប្រាំ៧ (G7) នឹងជួបផ្ទាល់នៅថ្ងៃព្រហស្បតិ៍នេះ ជាលើកដំបូង បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើម ឈ្លានពាន អ៊ុយក្រែន ដោយស្វែងរកការបន្ថែមសម្ពាធបន្ថែមទៀត លើទីក្រុងម៉ូស្គូ ឱ្យបញ្ឈប់ការវាយប្រហារ របស់ខ្លួន និងដើម្បីរារាំង ការប៉ុនប៉ងណាមួយ ពីប្រទេសផ្សេងទៀត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងធ្វើដំណើរទៅកាន់ប្រទេសបែលហ្ស៊ិក សម្រាប់ការប្រមូលផ្តុំតំណាង ឱ្យសមាជិកអាស៊ីតែមួយគត់នៃ G-7 ដោយវិបត្តិអ៊ុយក្រែន ត្រូវបានគេមើលឃើញថា មានផលប៉ះពាល់ដល់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាតំបន់ប្រឈមនឹងការបង្កើន ឥទ្ធិពលយោធារបស់ចិន។

លោក Kishida បានប្រាប់អ្នកសារព័ត៌មាន មុនពេលចាកចេញពីទីក្រុងតូក្យូ ដោយសំដៅទៅលើក្រុមដែលមានចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុបថា “យើងសង្ឃឹមថា នឹងបង្ហាញពីការតម្រឹមដ៏រឹងមាំរបស់ G-7” ។

កិច្ចពិភាក្សា G-7 នឹងត្រូវធ្វើឡើងនៅពេល ដែលមេដឹកនាំមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប ប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែល សម្រាប់កិច្ចប្រជុំរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង និងក្រុមប្រឹក្សាអឺរ៉ុប ដោយថ្ងៃព្រហស្បតិ៍ ក្រោយមានរយៈពេលមួយខែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។ ជប៉ុនជាប្រទេសតែមួយគត់ ក្នុង ក្រុមប្រទេស G-7 ដែលមិនមែន ជាសមាជិកណាតូ ។

ព្រឹត្តិការណ៍នៅទីក្រុងប្រ៊ុចសែល ត្រូវបានគេរំពឹងថា នឹងក្លាយជាឱកាសមួយផ្សេងទៀត ដើម្បីប្រកាសការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយឈរលើជំហាន ដាក់ទណ្ឌកម្មជាច្រើន ដែលសមាជិក G-7 និងប្រទេសផ្សេងទៀត បានអនុវត្តរួចហើយនៅក្នុងការស្វែងរក ដើម្បីផ្តាច់ប្រទេសរុស្ស៊ី ពីសេដ្ឋកិច្ចពិភពលោក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top