ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យចិន បដិសេធពីការគាំទ្ររុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន នៅពេលដែលសមាជិក សម្ព័ន្ធភាព បានប្រមូលផ្តុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញមួយ ។

ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃពុធថា “សម្ព័ន្ធមិត្តមានការព្រួយបារម្ភថា ប្រទេសចិន អាចផ្តល់ជំនួយជាសម្ភារៈ សម្រាប់ការ ឈ្លានពាន របស់រុស្ស៊ី” ដោយបង្ហាញសមាជិក នៃប្លុកសន្តិសុខ ពីការចែករំលែកការព្រួយ បារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថា ចិន កំពុងពិចារណាជួយរុស្ស៊ី ជាមួយនឹងឧបករណ៍យោធា នៅក្នុងជម្លោះនេះ។
លោក Stoltenberg បានចង្អុលបង្ហាញថា ទីក្រុងប៉េកាំង មិនបានថ្កោលទោសការឈ្លានពាននេះទេ ហើយថែមទាំងបានផ្តល់ “ការគាំទ្រផ្នែកនយោបាយ” ដល់ទីក្រុងម៉ូស្គូ តាមរយៈការជួយផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កការខូចខាតដល់អ៊ុយក្រែនថែមទៀត។
លោកបានលើកឡើងថា “ខ្ញុំរំពឹងថា មេដឹកនាំនឹងអំពាវនាវ ឱ្យប្រទេសចិន ធ្វើតាមទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ បដិសេធមិនគាំទ្រកិច្ច ខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។ ហើយចូលរួមជាមួយ ពិភពលោកផ្សេងទៀត ក្នុងការអំពាវនាវឱ្យបញ្ចប់ សង្រ្គាមនេះភ្លាមៗ” ។

ជាមួយនឹងការវាយប្រហារ របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានបន្តអស់រយៈពេល ជិតមួយខែមកនេះ មេដឹកនាំអង្គការណាតូ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ និងសហភាពអឺរ៉ុប នឹងប្រមូលផ្តុំគ្នា នៅទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញពីការរួបរួម របស់ពួកគេប្រឆាំងនឹងអ្វី ដែលពួកគេចាត់ទុកថា ជាការមិនបង្កហេតុ និងអយុត្តិធម៌ នៃការឈ្លានពាន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
