ព័ត៌មានអន្តរជាតិ

តួកគីព្រមានថា៖ មិនត្រូវដុតបំផ្លាញស្ពាន ដែលកំពុងតភ្ជាប់ ជាមួយនឹងរុស្ស៊ីឡើយ

បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យព្រមាន និងប្រឆាំងទៅនឹងគោលការណ៍ របស់លោកខាងលិច ដែលចង់ដាក់ឲ្យរុស្ស៊ី ក្លាយជាប្រទេសនៅដាច់ដោយឡែក ពីអន្តរជាតិនោះ គឺជាកិច្ចការងារ ដែលមិនគួរធ្វើឡើងនោះឡើយ។

លោក Kalin បានថ្លែងជាសំណួរបែបនេះថា៖ប្រសិនបើគ្រប់គ្នា នាំគ្នាដុតបំផ្លាញស្ពានទាំងឡាយ ដែលតភ្ជាប់ជាមួយនឹងរុស្ស៊ីហើយនោះ តើពួកយើងនឹងអាចធ្វើការចរចា ជាមួយរុស្ស៊ីដោយរបៀបណា​ នៅពេលបន្ទាប់?

ទោះបីជាយ៉ាងណាក្តី ក្នុងពេលជាមួយគ្នានេះលោក Kalin ក៏បានអំពាវនាវ ឲ្យមេដឹកនាំអន្តរជាតិទាំងឡាយ ក្នុងការបន្តគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន តាមរយៈគ្រប់លទ្ធភាពដើម្បីអាចឲ្យអ៊ុយក្រែន មានសមត្ថភាពការពារ ប្រឆាំងទៅនឹងរុស្ស៊ី។

លោក Kalin បញ្ជាក់ទៀតថា៖ ប្រទេសរុស្ស៊ី ដាច់ខាតត្រូវតែបានភ្ជាប់ទំនាក់ទំនង​ ដើម្បីអាចឲ្យមានការឆ្លើយឆ្លងគ្នា ពីម្ខាងទៅម្ខាង។ដូចនេះកិច្ចការងារចរចាសន្តិភាព នឹងអាចធ្វើឡើង ដោយមានប្រសិទ្ធភាព៕ ប្រែសម្រួល៖ស៊ុនលី

To Top