ព័ត៌មានអន្តរជាតិ

វិចារណកថា នយោបាយ៖ Ukraine ជាកូនអុក នៅលើក្តាអុកនយោបាយ អាមេរិក-រុស្ស៊ី ដោយបង្កើតជាលេសនយោបាយ ដើម្បីធ្វើការវាយប្រហារ ឈ្លានពានស្របច្បាប់ (Video)

នៅឆ្នាំ២០០៣ កងកម្លាំងពហុជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការទម្លាក់គ្រាប់បែក រួចចាត់បញ្ជូនកងទព័ថ្មើរជើង បើកកាត់ព្រំដែន ចូលមកវាយប្រហារ និងផ្តួលរំលំប្រធានាធិបតី Saddam Hussein នៃរដ្ឋអធិបតេយ្យ អ៊ីរ៉ាក់ ហើយសង្គ្រាមប្រទេសអ៊ីរ៉ាក់ ពេលនោះត្រូវបានឱ្យឈ្មោះហៅថា សង្គ្រាមឈូងសមុទ្រលើកទី២ ( ដោយ Bush កូនជាអ្នកផ្តួចផ្តើម) ចំពោះសង្គ្រាមឈូងសមុទ្រលើកទី១ បានកើតទ្បើងនៅឆ្នាំ១៩៩១ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយ Bush ឱពុកនោះ ។

ក្នុងសង្គ្រាមអ៊ីរ៉ាក់ លើកទី២នេះ ចំណុចដែលលេចធ្លោបំផុតនោះ គឺការអះអាងជាដាច់ខាតថា អ៊ីរ៉ាក់ បានផលិតអាវុធប្រល័យលោក និងកំពុងមាននៅក្នុងដៃ អាវុធប្រភេទទាំងនេះ រួមមានអាវុធបរិមាណូ អាវុធគីមីនិងអាវុធជីវសាស្ត្រ (sic) ទន្ទឹមនេះអ្នកកាន់អំណាចរបស់ អ៊ីរ៉ាក់ ក៏មានទំនាក់ទំនងជាមួយ និងអង្គការភេរវកម្ម អន្តរជាតិ Al Qaeda ទៀតផង ។

ហើយជាការពិត និងអកុសលជាទីបំផុត គឺក្នុងពេលដំណើរការសង្គ្រាម រហូតដល់ពេលចប់សង្គ្រាម ទាំងសហរដ្ឋអាមេរិក ទាំងអង្គការសហប្រជាជាតិ នៅតែរកមិនឃើញ រួមទាំងពុំមានសក្ខីកម្ម ណាមួយដែលអាចបញ្ជាក់ថា អ៊ីរ៉ាក់ មានអាវុធប្រល័យលោក ពិតប្រាកដមែន តែសង្គ្រាមបានដំណើរ ការហួសទៅហើយ ហើយប្រទេស អ៊ីរ៉ាក់ មួយបានរលំរលាយ វិនាសហិនហោច រួចទៅហើយនោះក៏ដោយ ។

នៅក្នុងសង្គ្រាមអគតិមួយនេះ ដែលទោះបីជាពុំមាន សេចក្តីសម្រេចណាមួយ ដែលមានការអនុម័ត ពីអង្គការសហប្រជាជាតិក៏ដោយ ព្រោះដោយពុំមានភស្តុតាង ណាមួយ បង្ហាញឱ្យឃើញយ៉ាងពិតប្រាកដសោះទ្បើយ រួមទាំងត្រូវមតិសកលលោក ពេលនោះ មិនសារទរនិងប្រឆាំងជំទាស់ក៏ដោយ ក៏ពួកអ្នកកាន់អំណាចរបស់សេតវិមាន នៅតែបន្តដំណើរសង្គ្រាមមួយនេះ ទៅមុខរហូត ដល់ទម្លាក់ និងសម្លាប់បាន Saddam Hussein ព្រោះនេះជាគោលដៅ របស់ពួកយោធា អាមេរិកក្នុងការត្រូវតែលុបបំបាត់ រដ្ឋអំណាចរបស់ក្រុងបាក់ដា ក្រោមការដឹកនាំរបស់ Saddam នោះ ។ សង្គ្រាមលើកទី២ មួយនេះ បានប្រែក្លាយប្រទេសអ៊ីរ៉ាក់ ទៅជាវាលរហោស្ថាន ដោយគួបផ្សំ ទៅនឹងអំណាចរបស់ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច មុននេះផង !

ជាការពិតអ៊ីរ៉ាក់ ធ្លាប់មានកម្មវិធីផលិតអាវុធបរិមាណូមែន តែនៅឥតទាន់បានផលិត សូម្បីមួយគ្រាប់ណានៅទ្បើយទេ ក្រោយមកបានប្រកាសលុបចោល នៅកម្មវិធីមួយនេះ ដោយទ្បែក ចំពោះអាវុធគីមីឬជីវសាស្ត្រ គឺអ៊ីរ៉ាក់ ធ្លាប់មានហើយ ក៏ធ្លាប់បានប្រើក្នុងសមយ័កាល សង្គ្រាមជាមួយនឹងអ៊ីរ៉ង់ ក្នុងបណ្តាឆ្នាំ៨០ ។ប៉ុន្តែបន្ទាប់ពីក្រោយឆ្នាំ១៩៩១ អ៊ីរ៉ាក់ បានឈប់ជាស្ថាពរ នៅការផលិតនៅបណ្តាអាវុធប្រល័យលោកទាំងនេះ នោះ។ ក្រៅពីនេះ ក្រោមការកៀបសង្កត់របស់ អាមេរិកនិងលោកខាងលិច អ៊ីរ៉ាក់ ក៏បានលុបបំបាត់ចោល ជាបណ្តើរៗ នៅឃ្លាំង អាវុធរួមមានទាំងកាំជ្រួចគ្រប់ធុន ដើម្បីជាការបញ្ជៀសនៅរាល់ការកើតទ្បើង ជាយថាហេតុ នៅទោះបីសង្គ្រាមណាមួយ។ ជាប្រការមួយដែល អ៊ីរ៉ាក់មិនចង់ឃើញ ក្នុងករណីដែលប្រទេសអ៊ីរ៉ាក់ មួយទ្រុតទ្រោម ចុះខ្សោយ ដោយអំណាចនៃការហ៊ុំព័ត្រ មកពីទណ្ឌកម្មសេដ្ឋកិច្ចនោះ។

ដល់ឆ្នាំ ២០០៨ នៅចុងអាណត្តិប្រធានាធិបតី របស់ខ្លួន Bush បានទទួលស្គាល់ការពិតមួយ ថាការសម្រេចដំណើរការសង្គ្រាម នៅអ៊ីរ៉ាក់ ប្រឆាំងទៅនិង Saddam Hussein គឺដោយផ្អែកមកលើព័ត៌មាន ចារកម្មខុសមិនពិត។ តែទោះបីជាមានការទទួលនូវព័ត៌មានមិនពិត យ៉ាងនេះក៏ដោយ ក៏ពួកអ្នកកាន់អំណាច របស់សេតវិមាន នៅតែបន្តរក្សាកងទព័អាមេរិក ឱ្យឈរជើងនៅលើ ទឹកដី អ៊ីរ៉ាក់រហូតដល់បណ្តាឆ្នាំ២០១១ ទើបដកចេញ អស់ពីប្រទេសអ៊ីរ៉ាក់ ។

ដល់ឆ្នា ២០០៩ ដល់វេននាយករដ្នមន្ត្រីអង់គ្លេស Tony Blair ដែលជាសម្ព័ន្ធមិត្តមួយ ដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក ក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ ក៏បានប្រកាសទទួលស្គាល់ ការពិតមួយថា ទោះបីជាអ៊ីរ៉ាក់ នៅក្នុងឆ្នាំ២០០៣ ពុំមានអាវុធប្រល័យលោកក៏ដោយ ក៏លោកនៅតែគាំទ្រដល់ ដំណើរការសង្គ្រាមនៅ អ៊ីរ៉ាក់ ក្នុងការផ្តួលរំលំ Saddam Hussein ដ៏ដែរ ដោយនេះជា យុទ្ធសាស្ត្រក្នុងភូមិសាស្ត្រនយោបាយ ដែលបានកំណត់រួចហើយនោះ!។

ពេលសង្គ្រាមចប់ រកមិនឃើញនៅទោះបីអាវុធប្រល័យលោក ណាមួយក៏ដោយ ហើយប្រធានាធិបតី របស់រដ្ឋឯករាជ្យមួយ បានសម្លាប់ដោយ អយុត្តិធម៏បំផុតនោះ ក៏គ្មាននរណា ត្រូវទទួលខុសត្រូវ ហើយអ្នកដែលបានរួមគំនិត បង្កើតទ្បើង នូវព័ត៌មានក្លែងក្លាយ មិនពិតនោះ ក៏មិនឃើញត្រូវបានយកមកកាត់ទោស ប្ញស្តីបន្ទោស អ្វីទ្បើយ ព្រោះគេទាំងទ្បាយដឹងថា អ្នកដែលនៅពីក្រោយការបង្កើតព័ត៌មានមិនពិត នេះគឺពួក CIA នេះឯង ។

ថ្ងៃនេះ គ្មាននរណាមិនដឹងដែរថា Ukraine គឺជាសន្លឹកបៀរមួយ នៅលើក្តាអុកនយោបាយ ក្នុងភូមិសាស្ត្រនយោបាយ របស់តំបន់ ដែលពួកអ្នកកាន់អំណាចរបស់សេតវិមាន និងពួកលោកខាងលិច ក្នុងការផ្តួលរំលំរុស្ស៊ី តាមរយៈបាតដៃរបស់ក្រុមអ្នកដឹកនាំ ក្រុងKiev ដែលពួកអំណាច ស្រមោល Bilderberg បានរៀបចំ scenario តាំងពីបណ្តាឆ្នាំ ១៩៩៧មកម្ល៉េះ ។ ក្នុងផែនការអូស រុស្ស៊ី ឱ្យរលំរលាយ ដូចសម័យកាលរបស់ Gorbachev ក្នុងផែនការសង្គ្រាមផ្កាយ រុញឱ្យសហភាពសូវៀត រត់ប្រណាំងផ្លូវឆ្ងាយ ក្នុងការប្រកួតប្រជែង រត់ប្រណាំងសព្វាវុធ រហូតដល់សូវៀត ខ្សោះអស់ពីខ្លួនដោយខ្លួនឯង។

តាមការទាយទស្សន៏ របស់ពួកអ្នកយុទ្ធសាស្ត្រ គឺបន្ទាប់ពីឧប្ទទវហេតុនៅ Ukraine មក គឺពួកនេះនិងចាប់កកូរ ចិនប្រជាមានិត តាមរយៈការយកបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងទន្លេមេគង្គដើម្បីបន្តរុញចិន ឱ្យស្ថិតនៅក្នុងស្ថានការណ៏មួយ មិនមានស្ថេរភាព ទាំងក្នុងស្រុក ក្នុងតំបន់និងប្រឈមទៅនឹងមតិអន្តតជាតិ ដោយធ្វើយ៉ាងណា រុញឱ្យចិន ធ្លាក់ក្នុងអន្ទាក់ របស់ពួកវា ដូចដែលពួកនេះបានធ្វើចំពោះរុស្ស៊ី នាពេលបច្ចុប្បន្ននេះ តាមរយៈការបង្កើត ឱ្យមានករណីអ៊ុយក្រែននោះ។

ជាយូរមកហើយ ក្នុងអំណាចនៃតុល្យភាពកម្លាំង របស់សហសម័យ សហរដ្ឋអាមេរិកនិងពួកលោកខាងលិច ដឹងយ៉ាងច្បាស់ថា ពួកគេមិនអាចផ្តួលរលំ រុស្ស៊ីនិងចិនប្រជាមានិត បានដោយអំណាចកម្លាំងបាយទ្បើយ ទើបពួកនេះមើលឃើញ ជាយូរមកហើយ នូវបណ្តាចំណុច ដែលមានចរិតស្លាប់រស់ ក្នុងការអូសទាញឱ្ យមហាអំណាចពីរនេះ គឺរុស្ស៊ីនិងចិន ឱ្យធ្លាក់ផុងក្នុងរណ្តៅ គឺចំពោះរុស្ស៊ី គឺអ៊ុយក្រែន បើចិនវិញ គឺសមុទ្រចិនខាងត្បូង
នេះឯង។

នៅក្នុងបរិបទ នៃសម័យកាលនេះ ដើម្បីរក្សាបាននៅភាពរឹងមាំរបស់របស់ជាតិ ប្រទេសមួយ ត្រូវដាច់ខាត់ មានភាពរឹងមាំ លើវិស័យការពារជាតិ មានសេដ្ឋកិច្ចចីរភាព ក្នុងការឯករាជ្យ ម្ចាស់ការក្នុងស្រុក និងមានកម្លាំងសាមគ្គីភាព ក្នុងស្រុកឯកច្ឆ័នគឺជាបុព្វបទមួយ ដ៏សំខាន់បំផុត ក្នុងការមិនអនុញាត្តិឱ្ យកម្លាំងខាងក្រៅ ជាពិសេសគឺបរទេស ក្នុងការលូកដៃចូល មកក្នុងកិច្ចការផ្ទៃក្នុង របស់យើងបាន ។ ពិសេសជាងនេះទៅទៀត គឺយល់យ៉ាងច្បាស់ នូវយុទ្ធសាស្ត្រ ក្នុងភូមិសាស្ត្រនយោបាយ ទាំងក្នុងតំបន់និងអន្តរជាតិ ពិតប្រាកដនោះ ។

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top