ព័ត៌មានអន្តរជាតិ

អាមេរិក ការដាក់ទណ្ឌកម្ម តួអង្គសំខាន់ៗ នៅក្នុងកម្មវិធីមីស៊ីល ផ្លោងរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គល ដែលមានមូលដ្ឋាន នៅអ៊ីរ៉ង់ និងបណ្តាញក្រុមហ៊ុន របស់លោក ដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ថា បានជួយប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានសម្ភារៈ សម្រាប់កម្មវិធីមីស៊ីល ផ្លោងរបស់ខ្លួន។

ក្រសួងរតនាគារបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ទណ្ឌកម្មត្រូវបានដាក់ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ លើទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ និងការវាយប្រហារ ដោយកាំជ្រួច “Iranian enabled Houthi” ប្រឆាំងនឹងរោងចក្រ អារ៉ាប៊ីសាអូឌីត Aramco កាលពីដើមខែនេះ ក៏ដូចជាការវាយប្រហារដោយកាំជ្រួចផ្សេងទៀត ដោយពួកប្រូកស៊ីអ៊ីរ៉ង់ ប្រឆាំងនឹង អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

ជាពិសេស ទណ្ឌកម្មបានកំណត់គោលដៅ ភ្នាក់ងារលទ្ធកម្មរបស់អ៊ីរ៉ង់ Mohammad Ali Hosseini និងបណ្តាញក្រុមហ៊ុននានា ដែលរតនាគារបានចោទ ប្រកាន់ពីបទប្រើប្រាស់ ដើម្បីទិញមីស៊ីលផ្លោង និងសម្ភារៈពាក់ព័ន្ធក្នុងការគាំទ្រកម្មវិធីមីស៊ីល របស់ទីក្រុងតេអេរ៉ង់។

ក្រសួងនេះបានចោទប្រកាន់ថា Hosseini ទិញសម្ភារៈសម្រាប់អង្គភាពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) – ដែលស្ថិតនៅក្រោមទណ្ឌកម្មសហរដ្ឋអាមេរិក និងទទួលខុសត្រូវ ចំពោះការស្រាវជ្រាវ និងការអភិវឌ្ឍន៍មីស៊ីលផ្លោង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top