ព័ត៌មានជាតិ

Updated៖ NATO ថាកងទ័ពរុស្ស៊ី មិនទាន់ដកចេញនោះទេ ដោយធ្វើការប្រមូលផ្តុំគ្នាក្រុម ឡើងវិញ នៅអ៊ុយក្រែន

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់ទីក្រុងម៉ូស្គូ អំពីការកាត់បន្ថយប្រតិបត្តិការយោធា នៅជុំវិញទីក្រុងគៀវ ។

លោក Stoltenberg ក៏បានថ្លែងផងដែរថា សម្ព័ន្ធភាពមិនទាន់មានទំនុកចិត្តថា រុស្ស៊ី កំពុងចរចាដោយស្មោះត្រង់ក្នុងកិច្ចចរចា សន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ពីព្រោះគោលបំណងយោធា របស់ទីក្រុងម៉ូស្គូ ចាប់តាំងពីការចាប់ផ្តើម ការលុកលុយរអ៊ុយក្រែន មកគឺមិនទាន់បានផ្លាស់ប្តូរនៅឡើយទេ ។

លោក Stoltenberg បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុង ប្រ៊ុចស៊ែល ថា “យោងទៅតាមការស៊ើបការណ៍របស់យើង អង្គភាពរុស្ស៊ី មិនដកខ្លួនចេញទេ ប៉ុន្តែដាក់ទីតាំងឡើងវិញ ។ រុស្ស៊ី កំពុងព្យាយាមប្រមូលផ្តុំឡើងវិញ ផ្គត់ផ្គង់ឡើងវិញ និងពង្រឹងការវាយលុករបស់ខ្លួន នៅក្នុងតំបន់ Donbas” ។

ក្រុងម៉ូស្គូ បានលើកឡើងថា ឥឡូវនេះកំពុងផ្តោតលើការរំដោះតំបន់ Donbas ជាខេត្តភាគអាគ្នេយ៍ចំនួន២ដែលគ្រប់គ្រងដោយផ្នែក ដោយពួកបំបែកខ្លួនដែលរុស្ស៊ី បានគាំទ្រតាំងពីឆ្នាំ២០១៤ ។

“ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ី រក្សាសម្ពាធលើទីក្រុងគៀវ និងទីក្រុងដទៃទៀត ។ ដូច្នេះយើងអាចរំពឹងថា នឹងមានសកម្មភាពវាយលុកបន្ថែមទៀត ដែលនាំមកនូវការឈឺចាប់កាន់តែខ្លាំង” ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top