ព័ត៌មានជាតិ

អូស្ត្រាលី គ្រោងផ្ដល់ហិរញ្ញប្បទាន ឥតសំណងថ្មី ១០៧លានដុល្លារ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ជាង១០៧លានដុល្លារ សម្រាប់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ មីនា លោក Pablo Kang បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងមកហើយ រវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំនេះជាខួបគម្រប់ទី ៧០ឆ្នាំ នៃការចាប់ផ្តើមទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដោយលោកបានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន និងបន្តផ្តល់ការគាំទ្ររបស់ខ្លួននៅកម្ពុជា។

លោកបញ្ជាក់ថា «ជាការអបអរសាទរសម្រាប់ខួបទី៧០ឆ្នាំ រវាងប្រទេសទាំងពីរ ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade (DFAT) គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួនប្រមាណ៨៧ លានដុល្លារអូស្ត្រាលី (ប្រមាណជាង៦៥លានអាមេរិក) សម្រាប់រយៈពេល ៥ ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ និងអាចបន្តផ្ដល់បន្ថែមរហូតដល់៥៧លានអូស្ត្រាលី (ប្រមាណជាង៤២លានដុល្លារអាមេរិក) សម្រាប់រយៈពេលបន្ថែម៣ ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ២០៣០»។

លើសពីនេះទៀត កម្មវិធី CAP-RED មានគោលបំណងធំៗ ៣ គឺ ទី១- ជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការ អភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល ,ទី២- សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជា ក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លូន ដើម្បីអាចនាំចូលទៅទីផ្សារនានា និងទី៣- បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ។

កម្មវិធីថ្មីនេះ ត្រូវបានផ្តួចផ្តើមឡើង និងគិតគូរយ៉ាងល្អិតល្អន់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងត្រូវបានអនុវត្តបន្ទាប់ពី ទទួលបានលទ្ធផលជោគជ័យ នៃការអនុវត្តកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជាជំហានទី១ និងទី២ (CAVAC I & II) និងកម្មវិធីវិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលី ដែលបានជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា និងសម្តែងនូវការគាំទ្រពេញទំហឹងចំពោះការ ប្តេជ្ញាផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម សម្រាប់វិធីថ្មីខាងលើនេះ ដែលនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្មកសិឧស្សាហម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ៕

To Top