សុខភាព

SGMC ផ្សព្វផ្សាយការយល់ដឹង អំពីជំងឺមហារីកសុដន់ តាមយៈកម្មវិធី Pink Talk ក្រោមប្រធានបទ “ការរកឃើញរោគសញ្ញា​ ទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតបាន”

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធី​ នៃខែផ្សព្វផ្សាយការយល់ដឹង អំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការ សុខភាពអន្តរជាតិប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់។ កម្មវិធីនេះ គឺជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីពិភាក្សា បែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មាន មូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ ជូនដល់ប្រជាជនកម្ពុជា។

កម្មវិធីលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់ដំបូង របស់មជ្ឈមណ្ឌល វេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញ អំពីការរកឃើញរោគសញ្ញា ទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារ និងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី។

កម្មវិធីដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាពដ៏ទំនើប និងទើបតែបើកដំណើរការថ្មីរបស់ខ្លួន នៅឯអគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នេះ មានគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុ នៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។ កម្មវិធីពិភាក្សា Pink Talk នេះ ក៏នឹងបង្ហាញអំពីការគាំទ្រ របស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ចំពោះស្ត្រីដែលមានជំងឺ មហារីកសុដន់ទាំងអស់ផងដែរ។

ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់ បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឱ្យស្ត្រី ដែលមានអាយុចាប់ពី 40 ឆ្នាំឡើងអញ្ជើញ ទៅធ្វើការប្រឹក្សាយោបល់ និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះ ឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រី ដែលមានវ័យចាប់ពី 50 ឆ្នាំឡើងទៅ។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms) ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យ ដើម្បីជួយស្ត្រីកម្ពុជា ឱ្យទទួលបាន ការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវ លំដាប់ថ្នាក់ទីបីចំពោះស្ត្រី នៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រី ដែលមានជំងឺនេះប្រមាណជា 7% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណា អត្រានៃការរស់ រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញ រោគសញ្ញាទាន់ពេលវេលា តាមរយៈការពិនិត្យសុដន់។

លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងកត្តាហានិភ័យ ដែលអាចបង្កើតឱកាសនាំ ឱ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការពិនិត្យ ជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ ដោយខ្លួនឯង ជារៀងរាល់ខែ និងការរក្សារបៀបរស់នៅ ប្រកបដោយសុខភាពល្អផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះ ជួយយើងទាំងអស់គ្នា ឱ្យយល់ដឹងអំពី ជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយ ហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។”

លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំ ពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឱ្យស្ត្រី នៅក្នុងគ្រួសាររបស់យើង ធ្វើការត្រួតពិនិត្យស្វែងរក រោគសញ្ញានៃជំងឺនេះ។ យើងពិតជាមាន មោទនភាពយ៉ាងខ្លាំង ដែលបានរៀបចំ កម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀត នៅក្នុងសហគមន៍ ក៏ដូចជាធានា ឱ្យមានជម្រើសថែរក្សា អាយុជីវិតសម្រាប់មនុស្ស ជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់អ្នកផងដែរ។

ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសម នឹងទទួលបាននូវការថែទាំ ផ្នែកវេជ្ជសាស្ត្រ ដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្ត គ្រប់ជ្រុងជ្រោយ ដែលផ្ដល់នូវសេវាកម្មថែទាំសុខភាព គុណភាពខ្ពស់ និងសុខុមាលភាព បែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែក លើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាង បញ្ជាក់ច្បាស់លាស់។ ក្រុមវេជ្ជបណ្ឌិត​​ ដ៏មានទេពកោសល្យចម្រុះគ្នា គិលានុបដ្ឋាក ឱសថការី និងគ្រូពេទ្យជំនាញ ថតកាំរស្មីរបស់យើង គឺមកពីប្រទេសសិង្ហបុរី ថៃ និងកម្ពុជា ដែលសុទ្ធតែត្រូវបាន គេទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ថាជាអ្នកឯកទេស តាមឯកទេស វេជ្ជសាស្ត្ររៀងៗខ្លួន។

ដោយសង្កត់ធ្ងន់ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបានកសាងដើម្បីទទួលបាន សុខមាលភាពទៅលើគ្រប់ផ្នែក រៀបចំឡើង ដើម្បីផ្ដល់នូវសុខភាពល្អ សម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាល ទៅលើរោគសញ្ញា ដែលមានលក្ខណៈធ្ងន់ធ្ងរឡើយ។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការកសាងគោលដៅ នៃការរស់នៅប្រកបដោយ សុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា៕

To Top