ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ក្រសួងសាធារណការ ឱ្យលើកកម្ពស់វិស័យផ្លូវដែកកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើការលើកកម្ពស់ វិស័យផ្លូវដែករបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្ដារកែលម្អ ដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញក្រសួងសាធារណការ ស្វែងរកដៃគូសហការ មកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់ៗ ដើម្បីបម្រើដល់ការដឹកជញ្ជូន។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើការលើកកម្ពស់ វិស័យផ្លូវដែករបស់កម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព តភ្ជាប់ទៅកាន់ បណ្តាតំបន់សក្កានុពលនានា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការដឹកជញ្ជូនអ្នកដំណើរ ការដឹកជញ្ជូនទំនិញសំខាន់ៗ សំដៅកាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាដឹកជញ្ជូន ផងដែរ»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានស្នើឲ្យក្រសួងសាធារណការ ពិនិត្យមើលលទ្ធភាពតភ្ជាប់ ផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងរួមចំណែកដល់កត្តាជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ផងដែរ៕

To Top