អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃពុធនេះ បានរៀបចំទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ ជុំវិញការសម្លាប់ជនស៊ីវិល នៅភាគខាងជើងអ៊ុយក្រែន ដែលប្រធានាធិបតី Volodymyr Zelenskiyy ពិពណ៌នាថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ទាមទារឱ្យមានការដាក់ទណ្ឌកម្ម ឲ្យបានសមស្រប ។
ការដាក់ទណ្ឌកម្ម របស់លោកខាងលិច លើប្រទេសរុស្ស៊ី ជុំវិញការលុកលុយ ជិត៦សប្តាហ៍ មកលើប្រទេសជិតខាងរបស់ខ្លួន ទទួលបានកម្លាំងរុញច្រានជាថ្មី ក្នុងសប្តាហ៍នេះ បន្ទាប់ពីជនស៊ីវិលដែលបានស្លាប់ ដែលត្រូវបានគេបាញ់សម្លាប់ ត្រូវបានរកឃើញ នៅក្នុងទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន ដោយដណ្តើមបានមកវិញពីកងកម្លាំងរុស្ស៊ី ។
រុស្ស៊ី បានបដិសេធការកំណត់គោលដៅ ជនស៊ីវិលនៅក្រុង Bucha ហើយបានពណ៌នាអំពី ភស្តុតាងដែលបង្ហាញថា ជា “ការក្លែងបន្លំដ៏អស្ចារ្យ” ដែលរៀបចំឡើង ដោយលោកខាងលិច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ។
សេតវិមានបានឲ្យដឹងថា ទណ្ឌកម្មថ្មីដែលនឹងត្រូវបង្ហាញ នៅថ្ងៃពុធនេះ គឺជាផ្នែកមួយនៃការឆ្លើយតបចំពោះក្រុង Bucha ។
សេតវិមានបានឲ្យដឹងថា វិធានការដែលត្រូវបាន សម្របសម្រួល រវាងទីក្រុងវ៉ាស៊ីនតោន ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅថា G7 និងសហភាពអឺរ៉ុប នឹងកំណត់គោលដៅធនាគារ និងមន្ត្រីរុស្ស៊ី និងហាមឃាត់ការវិនិយោគថ្មី នៅក្នុងប្រទេសរុស្ស៊ី ។
ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលរដ្ឋជាសមាជិកទាំង២៧ របស់ប្លុកនេះ ត្រូវតែអនុម័តនោះនឹងហាមឃាត់ ការទិញធ្យូងថ្ម របស់រុស្ស៊ី និងរារាំងនាវារុស្ស៊ី មិនឱ្យចូលកំពង់ផែសហភាពអឺរ៉ុប ទៀតផង ៕
ដោយ៖ ម៉ៅ បុប្ផាមករា