ភ្នំពេញ ៖ បន្ទាប់ពីរូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើង ដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពោរមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចូលមកដល់នាពេលខាងមុខនោះ នៅថ្ងៃ១៦ មេសា ត្រូវជាថ្ងៃចូលឆ្នាំទី៣ នឹងមានការរៀបចំ ពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ នេះបើតាមការផ្សាយរបស់រដ្ឋបាល ខេត្តព្រះសីហនុ នាថ្ងៃ៨ មេសា ។
រូបសំណាក “ព្រះថោងនាងនាគ” ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានដឹកមកដល់ កាលពីរសៀលថ្ងៃ២៦ មីនា ។ រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ។
រូបសំណាកព្រះថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នាឋានភុជង្គនាគ ដែលជានិម្មិតរូប នៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ។
រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ៕