ព័ត៌មានអន្តរជាតិ

Update៖ ជម្លោះនៅអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ វិទ្យាសាស្ត្ររុស្ស៊ី ខណៈលោកខាងលិច ដកជំនួយចេញ

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា អ្នកវិទ្យាសាស្ត្រអន្តរជាតិរាប់សិបនាក់ បានមកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០ នៅឯស្ថានីយ៍វិទ្យាសាស្ត្រ នៅភាគឦសាន នៃតំបន់ដាច់ស្រយាលរបស់រុស្ស៊ី នៅលើទន្លេ Kolyma ក្នុងទឹកដីស៊ីបេរី ដើម្បីសិក្សាពីការប្រែប្រួលអាកាសធាតុ នៅក្នុងបរិស្ថានអាកទិក។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន វិទ្យាស្ថាន Max Planck សម្រាប់ជីវគីមីវិទ្យារបស់ប្រទេសអាល្លឺម៉ង់ បានបង្កកមូលនិធិ ដែលប្រើសម្រាប់ផ្តល់ប្រាក់ឈ្នួល ដល់បុគ្គលិកនៅស្ថានីយ៍ស្រាវជ្រាវ និងដើម្បីរក្សាឧបករណ៍ ដែលវាស់ស្ទង់ថាតើការប្រែប្រួលអាកាសធាតុ បានរលាយលឿនប៉ុណ្ណានៅអាកទិក និងបរិមាណមេតាន ដែលជាឧស្ម័នកំដៅភពផែនដី ដ៏មានថាមពលតែប៉ុណ្ណោះ ។
លោក Peter Hergersberg អ្នកនាំពាក្យរបស់វិទ្យាស្ថាន Max Planck Society ដែលត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋអាល្លឺម៉ង់បានលើកឡើងថា ការបង្កកមូលនិធិ ប្រហែលជានឹងនាំឱ្យមានការរំខាន ដល់ការវាស់វែងជាបន្ត នៅស្ថានីយ៍ដែលមានអាយុកាល តាំងពីឆ្នាំ២០១៣ ដោយធ្វើឱ្យប៉ះពាល់ ដល់ការយល់ដឹង របស់អ្នកវិទ្យាសាស្ត្រ អំពីនិន្នាការឡើងកំដៅផែនដី ។

លោក Hergersberg បានលើកឡើងថា “សហសេវិកជនជាតិរុស្សី នៅស្ថានីយ៍វិទ្យាសាស្ត្រភាគឦសាន ព្យាយាមរក្សាស្ថានីយ៍ឱ្យដំណើរការ” ។ លោកបានបដិសេធមិនបញ្ជាក់ថា ថវិកាប៉ុន្មានត្រូវបានរក្សាទុកនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top