ព័ត៌មានជាតិ

សម្តេចតេជោ ស្នើទូតឡាវថ្មីជំរុញពាណិជ្ជកម្ម ក្រោយសម្តេចអនុញ្ញាតឲ្យមាន ជម្រើសមិនប្រើម៉ាស់ នៅខេត្តជាប់ព្រំដែនឡាវ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យ លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសឡាវតែងតាំងថ្មីប្រចាំកម្ពុជា ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេសក្នុងកាលៈទេសៈកូវីដ១៩ នេះ។

ការស្នើរបស់សម្តេចតេជោ ក្នុងឱកាសសម្តេចបានអនុញ្ញាតឲ្យលោក បូរកែវ ភូមិវង់សាយ ចូលជួបសំដែងការគួរសម នៅថ្ងៃ១១ មេសា ។ 

ក្នុងឱកាសនោះ សម្តេចបានប្រាប់អគ្គរដ្ឋទូតថ្មី អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស់ នៅក្នុងខេត្ត៣(មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង) ជាប់ព្រំប្រទល់ឡាវ ក្រោយមានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ។

នៅថ្ងៃ១០ មេសា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវការលុបបំបាត់ កាតព្វកិច្ចពាក់ម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត៤ រួមមាន ៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយមិនតម្រូវឲ្យជាប់កាតព្វកិច្ចពាក់ម៉ាសតទៅទៀតនោះឡើយ ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃ៤ មេសា ក្នុងវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវនៅទីក្រុងសៀមរាប 

សម្តេចតេជោ បានធ្វើការប្រកាសនូវការប៉ុនប៉ងសាកល្បង ចង់ដាក់ការបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តឆ្ងាយៗ របស់កម្ពុជា ៕

To Top