នយោបាយ

ទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស ឆ្នាំនេះ ក្រោមប្រធានបទ TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។

តាមសារាចររបស់រាជរដ្ឋាភិបាល ថ្មីៗនេះ បានបញ្ជាក់ថា ដើម្បីឲ្យទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពអធិកអធម និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទោះបីជាការរៀបចំទៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងការរៀនរស់ជាមួយជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាល ណែនាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ ដោយអនុវត្តឲ្យបាន ត្រឹមត្រូវតាមវិធានការសុខាភិបាល។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕

To Top