ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ ប្រារព្ធពិធីសូត្រមន្ដសុំសេចក្ដីសុខ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ​ និងលោកស្រី បានរៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

ពិធីនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅទីស្នាក់ការគណបក្ស ប្រជាជន​រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីគណបក្សរាជធានី ។ 

ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនដល់សមាជិក សមាជិកា ដែលបានចូលរួមប៉ុណ្ណោះទេ ថែមទាំងបាន ឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ។

រយៈពេល២ឆ្នាំចុងក្រោយនេះ នៅរាជធានីភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល ដែលជាកងទ័ពអាវស បានឆ្លងកាត់ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ.១៩, បញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង ទំនប់សណ្តរស្ទឹងព្រែកត្នោត បញ្ហាសំរាមជាដើម។ តែពេលនេះ បញ្ហាខាងលើ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយ​លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងការអភិវឌ្ឍន៍ទីក្រុងផងដែរ។

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។ 

លោក ឃួង ស្រេង ក៏សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ ប្រការចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធាន-អនុប្រធានការិយាល័យជុំនាញ ចៅសង្កាត់-មេភូមិ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌទួលគោក សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ហើយសមប្រកបដោយពុទ្ធពរ ដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

To Top