ព័ត៌មានអន្តរជាតិ

Putin បញ្ជាក់ថារុស្ស៊ី នឹងត្រឡប់ទៅ ឋានព្រះច័ន្ទម្តងទៀតទោះកំពុងរងទណ្ឌកម្ម សេដ្ឋកិច្ចក្តី

បរទេស៖ ប្រធានាធិបតីប្រទេសរុស្សី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីទោះកំពុងជួបបញ្ហាក្តី ជាពិសេសទណ្ឌកម្មសេដ្ឋកិច្ចនានា ប៉ុន្តែរុស្សីនៅតែអាចមានសមត្ថភាព ក្នុងការឆ្លើយតបទៅនឹង បេសកកម្មរុករកទីអវកាសជាធម្មតា ហើយអះអាងថាប្រទេសរបស់លោកនឹងបន្តការងារ ក្នុងការវិលត្រឡប់ទៅកាន់ភពព្រះច័ន្ទសាជាថ្មី។

ថ្លែងទៅកាន់ពលរដ្ឋនៅក្នុងតំបន់ Vostochny Cosmodrome ជាមួយនឹងលោកប្រធានាធិបតីបេឡារូស Alexander Lukaschenko ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្សីនោះ លោក Putin បានបញ្ជាក់ថា៖ពួកយើងនឹងដំណើរការកម្មវិធី រុករកឋានព្រះច័ន្ទឡើងវិញ។

មេដឹកនាំរុស្សីរូបនេះ បានថ្លែងសំដៅ ទៅលើគម្រោងបាញ់បង្ហោះយាន Luna-25 ដែលត្រៀមនឹងធ្វើការហោះហើរទៅកាន់ទីអវកាស នាថ្ងៃទី២២ខែសីហាខាងមុខ។

ផែនការនេះនឹងអាចអនុញ្ញាតិ ឲ្យយានអវកាសថ្មីរបស់រុស្សីធ្វើការចុះចតយ៉ាងរលូន និងច្រើនដងនៅលើផ្ទៃ នៃឋានព្រះច័ន្ទនាពេលអនាគត ដើម្បីអាចធ្វើការសិក្សាបន្ថែម

ទៀតនៅតំបន់ភាគខាងត្បូង នៃភពហើយបេសកកម្មនាខែសីហានោះ ក៏នឹងមានផ្ទុកជាមួយនឹងសំភារៈវិទ្យាសាស្ត្រប្រមាណជា៣០គីឡូក្រាម ដែលរួមមានទាំងរ៉ូបូតបំពាក់អាវុធ និងរ៉ូបូតសម្រាប់ខួងដីផង៕ ប្រែសម្រួល៖ស៊ុនលី

To Top