ព័ត៌មានជាតិ

Update ៖ សម្តេចតេជោ ប្រកាសមិនចេញឃោសនាបោះឆ្នោតឃុំ-សង្កាត់ ជូនមេឃុំណាមួយនោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខថា បើប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តគណបក្សនយោបាយណានោះ អញ្ជើញទៅបោះឆ្នោតជូនគណបក្សមួយហ្នឹងទៅ ដោយសម្តេចមិនចេញឃោសនាជូនមេឃុំណាមួយនោះទេ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការឃោសនាធ្វើឡើងនៅថ្ងៃ២១ ឧសភា ខាងមុខ មុនការបោះឆ្នោត១៥ថ្ងៃ ។

សម្តេចតេជោ បានថ្លែងក្នុងពិធីអញ្ជើញសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា សម្តេចមិនចេញធ្វើការឃោសនាដើម្បីមេឃុំណាមួយនោះទេ គឺទុកឲ្យបេក្ខជនមេឃុំ ធ្វើការឃោសនាដើម្បីយកសន្លឹកឆ្នោតដោយខ្លួនឯង សម្រាប់ការបោះឆ្នោតក្រុមជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេច ក៏ស្នើសុំធានាកុំឲ្យមានអំពើហិង្សា កើតឡើងតាមរូបភាពណាមួយ។

សម្តេចតេជោគូសបញ្ជាក់ថា «ខ្ញុំមិនចេញឃោសនាសបោះឆ្នោតសម្រាប់មេឃុំណាមួយនោះទេ ទុកឲ្យមេឃុំនាំគ្នាធ្វើការឃោសនាដោយខ្លួនឯងទៅ តែខ្ញុំសូមអំពាវនាវដល់គ្រប់ទីកន្លែងទាំងអស់ ខិតខំដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរី ស្រឡាញ់គណបក្សមួយណា ស្រឡាញ់បេក្ខជនមួយណាបោះឲ្យបេក្ខជនមួយនឹងទៅ»។

សម្តេចតេជោលើកឡើងថា ប្រជាពលរដ្ឋដឹងហើយថា អ្វីត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ពីព្រោះនៅពេលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចប្រជាពលរដ្ឋយល់ឃើញយ៉ាងម៉េច? រស់នៅយ៉ាងម៉េច? និយាយតាមមួយបែបថ្មី បើសិនគណបក្សប្រជាជនឈ្នះដឹកនាំប្រទេសអ្នកណា គណបក្សណាក៏រស់នៅបានដែរ ។

សម្តេចតេជោបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ ប៉ុន្តែក៏មានគណបក្សនយោបាយមួយចំនួនក៏មិនបានចូលរួមប្រកួតប្រជែងដែរ តែពួកគាត់បានត្រៀមចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រវិញ។

សម្តេចគូសបញ្ជាក់ទៀតថា «អីចឹងខ្ញំមិនធ្វើការឃោសនានោះទេ ប៉ុន្តែសូមកុំឲ្យមានហិង្សាឲ្យសោះ នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា មិនថា ហិង្សាទៅវៃតប់គ្នា ឬហិង្សាពាក្យសំដីនោះទេ»។

សម្តេចបានអះអាងថា បរិយាកាសនយោបាយអព្យាក្រឹត្យពិតជាចាំបាច់ធ្វើសកម្មភាព នូវការឃោសនាបោះឆ្នោតដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈសម្បត្តិដល់គណបក្សនយោបាយទាំងអស់ឲ្យមានគ្រប់ៗគ្នា។ ឧទាហរណ៍ ៖ បើគណបក្សប្រជាជនធ្វើការជួបជុំនៅកន្លែងណាមួយ គណបក្សផ្សេងក៏មានសិទ្ធិធ្វើការជួបជុំគ្នាដែរ ពោលទាំងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាចអាចធ្វើបានដូចគ្នា។

សម្តេចតេជោក៏បានលើកឡើងថា ការធ្វើបែបនេះ គឺបរិយាកាសនយោបាយស្ងប់ស្ងាត់នៅក្នុងពេលបោះឆ្នោត ហើយជាការប្រកួតប្រជែងមួយសម្រាប់ការគ្រប់គ្រងបន្តនៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា នៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត គឺថ្ងៃ២១ ឧសភា សម្តេចនឹងចេញដំណើរទៅក្រៅប្រទេស ហើយថ្ងៃ២៦ ឧសភា សម្តេចនឹងត្រឡប់មកវិញ៕

To Top