អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានស្នើសុំដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីរុស្ស៊ីលោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យទទួលគាត់ ដើម្បីពិភាក្សាអំពីជំហាន ដើម្បីនាំមកនូវសន្តិភាព បន្ទាប់ពីការលុកលុយ របស់ទីក្រុងម៉ូស្គូ មកលើប្រទេសជិតខាងរបស់ខ្លួន ។
លោក Stephane Dujarric អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានលើកឡើងថា សំបុត្រដាច់ដោយឡែក ត្រូវបានប្រគល់ទៅឱ្យបេសកកម្ម អចិន្ត្រៃយ៍របស់រុស្ស៊ី និងអ៊ុយក្រែនកាលពីរសៀលថ្ងៃអង្គារ ដោយស្នើឱ្យលោក ពូទីន ទទួលលោក Guterres នៅទីក្រុងម៉ូស្គូ និងលោក Zelenskyy ដើម្បីទទួលគាត់នៅទីក្រុងគៀវ ។
លោក Dujarric បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការបានលើកឡើងថា នៅពេលគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ គាត់ចង់ពិភាក្សា អំពីជំហាន បន្ទាន់ ដើម្បីនាំមកនូវសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន និង អនាគតនៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញ អង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ” ។
លោក Guterres កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ គ្រិស្តអូស្សូដក់រយៈពេល៤ថ្ងៃក្នុងការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការឆ្លង កាត់ដោយ សុវត្ថិភាព របស់ជនស៊ីវិល ដើម្បីចាកចេញពីតំបន់ជម្លោះ និងការបញ្ជូនជំនួយ មនុស្សធម៌ទៅកាន់តំបន់ ដែលរងគ្រោះខ្លាំង ។
ការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុត លើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥ បានសម្លាប់ ឬរងរបួសរាប់ពាន់នាក់ ។ លោក Guterres បានលើកឡើងថា មនុស្សជាង១២លាននាក់ ត្រូវការជំនួយមនុស្សធម៌ នៅក្នុងប្រទេសសព្វថ្ងៃនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា