បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ កងទ័ពលីបង់ បានជួយសង្គ្រោះមនុស្សចំនួន៤៥នាក់ និងបានរកឃើញសាកសពចំនួន៨នាក់ បន្ទាប់ពីទូកជនចំណាកស្រុកបានលិចនៅក្នុងដែនទឹក នៃភាគខាងជើងទីក្រុងទ្រីប៉ូលី ។
កងទ័ពលីបង់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រលកខ្ពស់បានធ្វើឲ្យលិចទូកដែលផ្ទុកលើសទម្ងន់ ដែលផ្ទុកមនុស្សជាង៥០នាក់ ។
អ្នកដែលត្រូវបានជួយសង្គ្រោះមួយចំនួនត្រូវបានព្យាបាលនៅលើដី ចំណែកអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដើម្បីទទួលការថែទាំសង្គ្រោះបន្ទាន់ ។
ប្រតិបត្តិការស្វែងរកបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍ភ្លាមៗ បន្ទាប់ពីទូកចាកចេញពីទីក្រុងឆ្នេរសមុទ្រ Qalamoun បានលិចចូលក្នុងទឹកសមុទ្រ ។
កងទ័ពលីបង់ កងកម្លាំងសន្តិសុខ និងកាកបាទក្រហមត្រូវបានដាក់ពង្រាយនៅកំពង់ផែក្រុងទ្រីប៉ូលី ដើម្បីចូលរួមដំណើរការជួយសង្គ្រោះនេះ ។
លោក Michel Aoun ប្រធានាធិបតីលីបង់ កាលពីថ្ងៃអាទិត្យ បានស្នើឱ្យអាជ្ញាធរតុលាការ និងយោធា ចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ថាតើមកពីមូលហេតុអ្វីឲ្យប្រាកដ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា